ទំនុក‌តម្កើង 13

ពាក្យអង្វរសូមព្រះ‌អម្ចាស់ជួយសង្គ្រោះ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

តើព្រះ‌អង្គនៅតែភ្លេចទូលបង្គំ

ដល់ពេលណា?

តើព្រះ‌អង្គនៅតែមិនព្រមទតមើល

មកទូលបង្គំដល់កាលណាទៀត?

2 តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត

ដល់ពេលណាទៅ?

តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ

ទាំងយប់ ទាំងថ្ងៃដល់អង្កាល់?

តើខ្មាំងសត្រូវមានជ័យ‌ជំនះលើទូលបង្គំ

ដល់កាលណាទៀត?

3 ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ

សូមទតមកទូលបង្គំ

ហើយឆ្លើយតបនឹងទូលបង្គំផង!

សូមប្រទានកម្លាំងដល់ទូលបង្គំ

កុំទុកឲ្យទូលបង្គំស្លាប់ឡើយ

4 ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា

«អញបានឈ្នះវាហើយ!»

ហើយបច្ចា‌មិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយ

ព្រោះតែទូលបង្គំបរា‌ជ័យ។

5 ចំពោះទូលបង្គំវិញ ទូលបង្គំទុកចិត្ត

លើព្រះ‌ហឫទ័យស្មោះ‌ត្រង់របស់ព្រះ‌អង្គ

ចិត្តទូលបង្គំត្រេកអរសប្បាយ

ព្រោះព្រះ‌អង្គសង្គ្រោះទូលបង្គំ។

6 ទូលបង្គំនឹងច្រៀងសរសើរព្រះ‌អម្ចាស់

ដោយព្រះ‌អង្គបានប្រោស‌ប្រណីដល់ទូលបង្គំ។