ពាក្យអរព្រះគុណចំពោះជ័យជំនះ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។
1 ព្រះអម្ចាស់អើយ
ព្រះរាជាមានអំណរណាស់
ព្រោះព្រះអង្គប្រទានកម្លាំង
ព្រះរាជាមានអំណររីករាយជាខ្លាំង
ព្រោះព្រះអង្គប្រទានឲ្យមានជ័យជំនះ។
2 ព្រះអង្គប្រទានឲ្យព្រះរាជា
បានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បាន
គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វរ
របស់ព្រះរាជាឡើយ។
– សម្រាក
3 ព្រះអង្គបានយាងមកជួបព្រះរាជា
ទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផង
ព្រះអង្គបានយកមកុដមាសសុទ្ធ
មកបំពាក់ព្រះសិរសារបស់ព្រះរាជា។
4 ពេលព្រះរាជាទូលសូមជីវិត
ព្រះអង្គប្រទានឲ្យស្ដេចមានជីវិត
និងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។
5 ដោយព្រះអង្គសង្គ្រោះ
ព្រះរាជាបានទទួលសិរីរុងរឿងយ៉ាងខ្លាំង
ព្រះអង្គប្រទានឲ្យទ្រង់បានថ្កុំថ្កើង
ឧត្ដុង្គឧត្ដម។
6 ព្រះអង្គប្រទានឲ្យទ្រង់
បានប្រកបដោយព្រះពរជានិច្ច
ដោយព្រះអង្គគង់នៅជាមួយ
នោះព្រះរាជាមានអំណរយ៉ាងបរិបូណ៌។
7 ព្រះរាជាពឹងផ្អែកលើព្រះអម្ចាស់
ហើយដោយសារព្រះហឫទ័យសប្បុរស
ស្មោះត្រង់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
រាជ្យរបស់ព្រះរាជានឹងមិនត្រូវរលំសោះឡើយ។
8 ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន
របស់ព្រះអង្គ
ព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នក
ដែលស្អប់ព្រះអង្គ។
9 នៅថ្ងៃព្រះករុណាយាងមកដល់
ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុស
សូមព្រះអម្ចាស់រំលាយពួកគេចោល
ដោយសារព្រះពិរោធរបស់ព្រះអង្គ
ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
10 ព្រះករុណានឹងលុបបំបាត់ពូជពង្ស
របស់ពួកគេឲ្យបាត់អស់ពីផែនដី
ទ្រង់នឹងប្រហារពួកគេឲ្យផុតពូជ។
11 ពួកគេឃុបឃិតគ្នាធ្វើបាបព្រះករុណា
តែពួកគេគ្មានកម្លាំងអាចសម្រេច
តាមគម្រោងការរបស់ខ្លួនបានឡើយ
12 ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ
ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។
13 ឱព្រះអម្ចាស់អើយ
សូមតើនឡើងសម្តែងឫទ្ធិបារមី!
យើងខ្ញុំសូមច្រៀង និងស្មូត្រលើកទំនុកតម្កើង
ឫទ្ធានុភាពរបស់ព្រះអង្គ!