ព្រះសូរសៀងរបស់ព្រះអម្ចាស់
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
1 ពពួកទេវតារបស់ព្រះជាម្ចាស់អើយ
ចូរនាំគ្នាតម្កើងព្រះអម្ចាស់
ចូរលើកតម្កើងសិរីរុងរឿង
និងតេជានុភាពរបស់ព្រះអម្ចាស់។
2 ចូរលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអម្ចាស់
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធ
របស់ព្រះអង្គ! ។
3 ព្រះសូរសៀងរបស់ព្រះអម្ចាស់
លាន់ឮឡើងនៅពីលើផ្ទៃទឹក
ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង
ធ្វើឲ្យផ្គរលាន់ឮឡើង
ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។
4 ព្រះសូរសៀង របស់ព្រះអម្ចាស់
លាន់ឮឡើងប្រកបដោយឫទ្ធានុភាព
ព្រះសូរសៀងរបស់ព្រះអម្ចាស់
លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
5 ព្រះសូរសៀងរបស់ព្រះអម្ចាស់
ធ្វើឲ្យបាក់ដើមឈើដ៏ធំៗ
ព្រះអម្ចាស់បំបាក់ដើមឈើដ៏ធំៗនៅភ្នំលីបង់។
6 ព្រះអង្គធ្វើឲ្យដើមឈើទាំងនោះលោត
ដូចកូនគោលោត
ព្រះអង្គធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន
លោត ដូចកូនក្របីលោត។
7 ព្រះសូរសៀងរបស់ព្រះអម្ចាស់
បានធ្វើឲ្យមានរន្ទះលេចចេញមក។
8 ព្រះសូរសៀងរបស់ព្រះអម្ចាស់
បានធ្វើឲ្យកក្រើកវាលរហោស្ថាន
ព្រះអម្ចាស់ធ្វើឲ្យរញ្ជួយ
វាលរហោស្ថានកាដេស។
9 ព្រះសូរសៀងរបស់ព្រះអម្ចាស់
អង្រួនសត្វក្ដាន់ញីឲ្យកើតកូន
និងធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់។
ពេលនោះ អ្វីៗសព្វសារពើនឹងស្រែកឡើង
ក្នុងព្រះវិហារថា
«សូមលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់!»។
10 ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ធំ
ព្រះអម្ចាស់គ្រងរាជ្យរហូតតទៅ
11 ព្រះអម្ចាស់ប្រទានឫទ្ធានុភាព
ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអម្ចាស់ប្រទានពរឲ្យប្រជារាស្ត្រ
របស់ព្រះអង្គមានសន្តិភាព។