ទំនុក‌តម្កើង 30

ព្រះ‌អង្គប្រោសទូលបង្គំឲ្យជា

ទំនុក‌តម្កើង។ បទសម្រាប់ច្រៀងនៅពេលសម្ពោធព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ!

ទូលបង្គំសូមលើកតម្កើងព្រះ‌អង្គ

ព្រោះព្រះ‌អង្គបានជួយស្រោចស្រង់ទូលបង្គំ

ព្រះ‌អង្គពុំបានទុកឲ្យខ្មាំងសត្រូវ

យករឿងទូលបង្គំទៅលេងសើចឡើយ។

2 ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ!

ទូលបង្គំបានស្រែកអង្វរព្រះ‌អង្គ

ហើយព្រះ‌អង្គប្រោសទូលបង្គំឲ្យបានជា។

3 ឱព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គបានស្រង់ព្រលឹងទូលបង្គំ

ចេញពីចំណោមមនុស្សស្លាប់

ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ

តែព្រះ‌អង្គប្រោសទូលបង្គំឲ្យរស់ឡើងវិញ។

4 អ្នករាល់គ្នាដែលជាប្រជា‌រាស្ត្រ

របស់ព្រះ‌អង្គអើយ

ចូរស្មូត្រទំនុក‌តម្កើងព្រះ‌អម្ចាស់!

ចូរលើកតម្កើងព្រះ‌នាមដ៏‌វិសុទ្ធ*របស់ព្រះ‌អង្គ!

5 ដ្បិតព្រះ‌អង្គទ្រង់ព្រះ‌ពិរោធតែមួយស្របក់

តែព្រះ‌អង្គប្រណីសន្ដោសយើងអស់មួយជីវិត។

ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង

យើងនឹងអរសប្បាយវិញ។

6 នៅពេលទូលបង្គំបានសុខ‌សាន្ត ទូលបង្គំពោលថា

ទូលបង្គំនឹងមិនត្រូវរលំឡើយ!។

7 ឱព្រះ‌អម្ចាស់អើយ!

ព្រះ‌អង្គបានប្រោសឲ្យទូលបង្គំរឹង‌ប៉ឹងដូចភ្នំ

តែប្រសិនបើព្រះ‌អង្គមិនគង់ជាមួយទូលបង្គំទេនោះ

ទូលបង្គំនឹងភ័យខ្លាចក្រៃ‌លែង។

8 ឱព្រះ‌អម្ចាស់អើយ! ទូលបង្គំស្រែកអង្វរព្រះ‌អង្គ

ទូលបង្គំទទូចអង្វរព្រះ‌អម្ចាស់។

9 បើព្រះ‌អង្គទុកឲ្យទូលបង្គំស្លាប់

តើបានប្រយោជន៍អ្វី?

បើព្រះ‌អង្គឲ្យទូលបង្គំធ្លាក់ទៅ

ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី?

តើមនុស្សស្លាប់អាចសរសើរព្រះ‌អង្គកើតឬ?

តើគេអាចថ្លែងពីព្រះ‌ហឫទ័យស្មោះត្រង់

របស់ព្រះ‌អង្គកើតឬ?

10 ឱព្រះ‌អម្ចាស់អើយ

សូមប្រោសមេត្តាស្ដាប់ពាក្យទូលបង្គំ!

ឱព្រះ‌អម្ចាស់អើយ

សូមយាងមកសង្គ្រោះទូលបង្គំផង!។

11 ព្រះ‌អង្គបានធ្វើឲ្យការសោកសង្រេង

របស់ទូលបង្គំប្រែទៅជាអំណរសប្បាយ

ព្រះ‌អង្គបានយកសំលៀក‌បំពាក់កាន់ទុក្ខចេញ

ហើយប្រទានសំលៀក‌បំពាក់

សម្រាប់ពិធីបុណ្យឲ្យទូលបង្គំវិញ។

12 ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ

ទូលបង្គំស្មូត្រទំនុក‌តម្កើង

ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ

ទូលបង្គំសរសើរតម្កើងព្រះ‌អង្គរហូតតទៅ។