ទំនុក‌តម្កើង 32

សុភមង្គលរបស់អ្នកដែលព្រះ‌អម្ចាស់អត់‌ទោសឲ្យ

ទំនុករបស់ស្ដេចដាវីឌ។ ពាក្យកាព្យ។

1 មានសុភមង្គលហើយ

អស់អ្នកដែលព្រះ‌ជាម្ចាស់

លើក‌លែងទោសឲ្យ

ព្រមទាំងប្រោស‌ប្រណីឲ្យបានរួចពីបាប!

2 មានសុភមង្គលហើយ

អស់អ្នកដែលព្រះ‌អម្ចាស់មិនប្រកាន់ទោស

ហើយជាមនុស្សដែលគ្មានចិត្តវៀច‌វេរ!

3 ដរាបណាទូលបង្គំមិនសារ‌ភាពកំហុសទេនោះ

ទូលបង្គំកាន់តែរីង‌រៃទៅៗ

ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ

4 ដ្បិតព្រះ‌អង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់

កម្លាំងទូលបង្គំខ្សោះល្វើយ

ដូចទឹករីងស្ងួតនៅរដូវប្រាំង។

– សម្រាក

5 ទូលបង្គំបានសារ‌ភាពអំពើបាបចំពោះព្រះ‌អង្គ

ទូលបង្គំមិនបានលាក់‌លៀមកំហុស

របស់ទូលបង្គំឡើយ ទូលបង្គំពោលថា

«ខ្ញុំនឹងទទួលសារ‌ភាពអំពើបាប

របស់ខ្ញុំចំពោះព្រះ‌អម្ចាស់!»

ព្រះ‌អង្គក៏លើក‌លែងទោសទូលបង្គំ

ឲ្យរួចពីបាប។

– សម្រាក

6 ហេតុនេះហើយបានជាអ្នកគោរព

ប្រណិ‌ប័តន៍ព្រះ‌អង្គ

តែងទូល‌អង្វរព្រះ‌អង្គនៅពេលដែលគេត្រូវការ!

ទោះបីមានទុក្ខកង្វល់ប្រៀបដូច

ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។

7 ព្រះ‌អង្គជាជម្រកសម្រាប់ទូលបង្គំ

ព្រះ‌អង្គការពារទូលបង្គំឲ្យរួចពីអាសន្ន

ព្រះ‌អង្គឲ្យទូលបង្គំអាចបន្លឺសំឡេង

ច្រៀងឡើង ព្រោះព្រះ‌អង្គរំដោះទូលបង្គំ។

– សម្រាក

8 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា

«យើងនឹងប្រៀន‌ប្រដៅណែ‌នាំអ្នក

ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ

យើងនឹងជួយឲ្យយោបល់អ្នក

ព្រមទាំងមើលថែទាំអ្នកផង។

9 មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ

គេដាក់ដែកបង្ខាំ និងចងបង្ហៀរ

ដើម្បីញាក់វាឲ្យចុះចូល»។

10 មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង

ប៉ុន្តែព្រះ‌អម្ចាស់តែងសម្តែងព្រះ‌ហឫទ័យ

មេត្តាករុណា

ចំពោះអស់អ្នកដែលផ្ញើជីវិតលើព្រះ‌អង្គ។

11 មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីក‌រាយ

ចំពោះស្នាព្រះ‌ហស្ដរបស់ព្រះ‌អម្ចាស់!

អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ

ចូរស្រែកហ៊ោដោយអំណរចុះ!។