ទំនុក‌តម្កើង 36

យើងខ្ញុំមកជ្រកកោនក្រោមម្លប់ព្រះ‌បារមីរបស់ព្រះ‌អង្គ

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបម្រើ

ព្រះ‌អម្ចាស់

1 ខ្ញុំនឹកឃើញពាក្យរបស់ជនពាល

ដែលនិយាយក្នុងពេលបះ‌បោរថា

មិនបាច់គោរពកោតខ្លាចព្រះ‌ជាម្ចាស់ទេ ។

2 គេបញ្ចើច‌បញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក

រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស

គួរឲ្យស្អប់នោះឡើយ។

3 គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់

គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។

4 សូម្បីតែនៅពេលដេក

ក៏គេគិតពីគម្រោង‌ការធ្វើអំពើអាក្រក់ដែរ

គេមានះដើរនៅក្នុងផ្លូវមិនល្អ

គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។

5 ឱព្រះ‌អម្ចាស់អើយ!

ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

ខ្ពស់រហូតដល់ផ្ទៃមេឃ

ព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ

ខ្ពស់ដល់អាកាស‌វេហាស៍។

6 ព្រះ‌ហឫទ័យសុចរិតរបស់ព្រះ‌អង្គ

មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត

ព្រះ‌តម្រិះរបស់ព្រះ‌អង្គជ្រៅដូចមហា‌សាគរ។

ឱព្រះ‌អម្ចាស់អើយ

ព្រះ‌អង្គសង្គ្រោះទាំងមនុស្សលោក

ទាំងសត្វតិរច្ឆាន!។

7 ឱព្រះ‌ជាម្ចាស់អើយ ព្រះ‌ហឫទ័យមេត្តា‌ករុណា

របស់ព្រះ‌អង្គ មានតម្លៃដ៏លើស‌លប់បំផុត!

មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះ‌បារមី

របស់ព្រះ‌អង្គ

ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា ។

8 ព្រះ‌អង្គប្រទានអាហារយ៉ាងបរិបូណ៌

ឲ្យមនុស្សលោកនៅក្នុង

ព្រះ‌ដំណាក់របស់ព្រះ‌អង្គ

ហើយព្រះ‌អង្គប្រទានឲ្យគេមាន

អំណរសប្បាយដ៏ហូរ‌ហៀរដូចទឹកទន្លេ។

9 ដ្បិតព្រះ‌អង្គជាប្រភពនៃជីវិត

ហើយយើងខ្ញុំមើលឃើញពន្លឺ

ដោយ‌សារពន្លឺរបស់ព្រះ‌អង្គ។

10 សូមសម្តែងព្រះ‌ហឫទ័យមេត្តាករុណា

ចំពោះអស់អ្នកដែលស្គាល់ព្រះ‌អង្គតទៅទៀត

ហើយសម្តែងព្រះ‌ហឫទ័យសុចរិត

ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។

11 សូមកុំឲ្យមនុស្សព្រហើនកោងកាច

មកវាយប្រហារទូលបង្គំបានឡើយ

ហើយក៏កុំឲ្យមនុស្សពាល

មកបណ្តេញទូលបង្គំបានដែរ!

12 មនុស្សប្រព្រឹត្តអំពើទុច្ចរិត

នឹងត្រូវបរា‌ជ័យនៅទីនេះ ពួកគេត្រូវដួល

ហើយងើបឡើងវិញពុំរួចឡើយ។