ពាក្យអធិស្ឋានរបស់មនុស្សជាប់ជាឈ្លើយសឹក
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
1 ឱព្រះជាម្ចាស់អើយ
ទូលបង្គំប្រាថ្នាចង់នៅជាមួយ
ព្រះអង្គខ្លាំងណាស់
ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។
2 ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់
គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ
តើដល់កាលណាទើបខ្ញុំអាចទៅជិត
ដើម្បីថ្វាយបង្គំព្រះអង្គបាន?
3 ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។
គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា
«តើព្រះរបស់ឯងនៅឯណា?»។
4 ខ្ញុំស្រណោះស្រណោកក្រៃលែង
នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ
ប្រជាជនមួយចំនួនធំ
ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ
ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ
និងអរព្រះគុណព្រះអង្គ។
5 ខ្ញុំនិយាយមកខ្លួនឯងថា:
«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គសង្គ្រោះខ្ញុំ។
6 ព្រះនៃទូលបង្គំអើយ
ទូលបង្គំស្រយុតចិត្តជាខ្លាំង
ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ
ព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះ
គឺភូមិភាគទន្លេយ័រដាន់
ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
7 ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់
ធ្លាក់មកលើទូលបង្គំ
ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ
លាន់ឮគគ្រឹកគគ្រេង។
8 នៅពេលថ្ងៃព្រះអម្ចាស់សម្តែង
ព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ
នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ
បទចម្រៀងនេះជាពាក្យអធិស្ឋានចំពោះ
ព្រះជាម្ចាស់នៃជីវិតខ្ញុំ។
9 ខ្ញុំទូលព្រះជាម្ចាស់ដែលជាថ្មដារបស់ខ្ញុំថា
ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?
ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក
ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
10 ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំ
ធ្វើឲ្យទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គកាយ
គេចេះតែពោលមកទូលបង្គំគ្រប់ពេល
គ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។
11 ខ្ញុំនិយាយមកខ្លួនឯងថា
«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី
ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»
ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត
ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។