ទំនុក‌តម្កើង 47

ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រដ៏ខ្ពង់‌ខ្ពស់បំផុត

ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។

1 ប្រជា‌ជនទាំង‌ឡាយអើយ

ចូរទះដៃអបអរ‌សាទរ!

ចូរច្រៀងតម្កើងព្រះ‌ជាម្ចាស់

ដោយសប្បាយរីក‌រាយ!

2 ដ្បិតព្រះ‌អម្ចាស់ជាព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

ទ្រង់ជាទីកោតស្ញប់‌ស្ញែងក្រៃ‌លែង

ព្រះ‌អង្គជាព្រះ‌មហា‌ក្សត្រដ៏ឧត្ដម

ដែលគ្រងរាជ្យលើផែនដីទាំងមូល។

3 ព្រះ‌អង្គបានបង្ក្រាបជាតិសាសន៍នានា

ឲ្យធ្វើជាចំណុះយើង

ហើយដាក់ប្រជា‌ជាតិនានា

ឲ្យស្ថិតនៅក្រោមអំណាចយើង។

4 ព្រះ‌អង្គបានជ្រើសរើសទឹកដី

ឲ្យយើងទុកជាមត៌ក

ធ្វើឲ្យយើងខ្ពស់មុខក្រៃ‌លែង

គឺយើងជាពូជ‌ពង្សលោកយ៉ាកុប

ដែលព្រះ‌អង្គស្រឡាញ់ ។

– សម្រាក

5 ព្រះ‌ជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន

ក្រោមសំឡេងអបអរ‌សាទរយ៉ាងខ្ញៀវ‌ខ្ញារ

ព្រះ‌អម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។

6 ចូរនាំគ្នាស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌ជាម្ចាស់!

ចូរនាំគ្នាស្មូត្រទំនុក‌តម្កើង

ថ្វាយព្រះ‌មហា‌ក្សត្រនៃយើង!

7 ដ្បិតព្រះ‌ជាម្ចាស់ជាព្រះ‌មហា‌ក្សត្រ

នៃផែនដីទាំងមូល

ចូរនាំគ្នាស្មូត្រកំណាព្យថ្វាយព្រះ‌អង្គទៅ!។

8 ព្រះ‌ជាម្ចាស់គ្រងរាជ្យលើប្រជា‌ជាតិនានា

ព្រះ‌អង្គគង់នៅលើបល្ល័ង្កដ៏‌វិសុទ្ធ*។

9 អ្នកដឹកនាំរបស់ប្រជា‌ជាតិនានា មកជួប‌ជុំគ្នា

ជាមួយប្រជា‌ជននៃព្រះរបស់លោកអប្រាហាំ

ដ្បិតអ្នកដឹកនាំផែនដីទាំងមូល

ស្ថិតនៅក្រោមអំណាចរបស់ព្រះ‌អង្គ

ព្រះ‌អង្គជាម្ចាស់គ្រប់‌គ្រងលើអ្វីៗទាំងអស់!។