កុំទុកចិត្តលើទ្រព្យសម្បត្តិ!
ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។
1 ប្រជាជនទាំងឡាយអើយ
ចូរនាំគ្នាត្រងត្រាប់ស្ដាប់!
មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ
ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
2 គឺទាំងអ្នកតូច ទាំងអ្នកធំ
ទាំងអ្នកមាន ទាំងអ្នកក្រ!
3 ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែង
ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។
4 ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ
ហើយខ្ញុំនឹងដោះស្រាយប្រស្នា
ទាំងលេងពិណកំដរផង។
5 នៅគ្រាមានអាសន្ន
ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ
ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។
6 មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន
គេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។
7 ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ
ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់
ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ
8 ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់
គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ
ក៏មិនគ្រប់ដែរ។
9 តើមនុស្សអាចរស់រហូត
ហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ?
10 យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ
ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ
គេត្រូវតែស្លាប់ទាំងអស់គ្នា
ហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃ។
11 គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ
នឹងនៅស្ថិតស្ថេររហូតតទៅ
លំនៅដ្ឋានរបស់គេនៅគង់វង្ស
ពីជំនាន់មួយទៅជំនាន់មួយ
ហើយគេដាក់ឈ្មោះដីធ្លីគេ
តាមឈ្មោះរបស់ខ្លួនថែមទៀត។
12 ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង
ពុំអាចគេចផុតពីស្លាប់បានទេ
គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ
ដូចសត្វតិរច្ឆាននោះឡើយ។
13 រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង
ហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួន
អនាគតរបស់គេនឹងបានដូចតទៅនេះ
– សម្រាក
14 អ្នកទាំងនោះប្រៀបដូចជាកូនចៀម
ដែលយកទៅសម្លាប់។
គង្វាលឃ្វាលហ្វូងចៀមយ៉ាងណា
មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។
មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ
រូបកាយរបស់ពួកគេនឹងរលាយសូន្យ
ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។
15 ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ
ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់
ព្រះអង្គនឹងយកខ្ញុំទៅ។
– សម្រាក
16 ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន
ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចម្រើន
កុំភ័យខ្លាចអី
17 ដ្បិតពេលស្លាប់ទៅ
គេពុំអាចយកអ្វីទៅជាមួយបានទេ
គឺគេមិនអាចយកទ្រព្យសម្បត្តិ
ចុះទៅក្នុងរណ្ដៅជាមួយឡើយ។
18 ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ
ហើយទោះបីមានអ្នកដទៃកោតសរសើរ
ដោយឃើញគេបានចម្រុងចម្រើនក៏ដោយ
19 ក៏គង់តែគេត្រូវចុះទៅជួបជុំ
នឹងដូនតារបស់ខ្លួន ចៀសមិនផុត
នៅក្នុងកន្លែងដែលគេពុំអាចមើល
ឃើញពន្លឺទៀតឡើយ។
20 មនុស្សដែលមានកិត្តិយសរុងរឿង
តែមិនយល់អ្វីសោះនោះ
គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។