ទូលបង្គំចូលចិត្តរស់នៅក្នុងដំណាក់របស់ព្រះអង្គ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ដ្រីដែលមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។
1 ព្រះជាម្ចាស់អើយ!
សូមទ្រង់ព្រះសណ្ដាប់សម្រែក
ទូលអង្វររបស់ទូលបង្គំ
សូមយកព្រះហឫទ័យទុកដាក់
នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។
2 ពេលទូលបង្គំនៅទីដាច់ស្រយាល
ហើយអស់សង្ឃឹម
ទូលបង្គំស្រែករកព្រះអង្គ
សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា
ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។
3 ព្រះអង្គជាទីជម្រករបស់ទូលបង្គំ
និងជាប៉មមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។
4 ទូលបង្គំចង់រស់នៅក្នុងព្រះពន្លា
របស់ព្រះអង្គរហូតតទៅ
ទូលបង្គំនឹងជ្រកកោនក្រោមម្លប់
ព្រះបារមីរបស់ព្រះអង្គ។
– សម្រាក
5 ឱព្រះជាម្ចាស់អើយ
ព្រះអង្គតែងតែព្រះសណ្ដាប់
ពាក្យអង្វររបស់ទូលបង្គំជានិច្ច
ព្រះអង្គប្រទានមកទូលបង្គំនូវមត៌ក
ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក
ដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ។
6 សូមប្រទានឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ
សូមឲ្យព្រះជន្មាយុរបស់ព្រះរាជា
ស្ថិតនៅជាច្រើនតំណតរៀងទៅ!
7 សូមឲ្យព្រះរាជាបានគ្រងរាជ្យ
នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់រហូតតទៅ!
ព្រះអម្ចាស់អើយ សូមថែរក្សាព្រះរាជា
ដោយព្រះហឫទ័យមេត្តាករុណា
ដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ!
8 ទូលបង្គំនឹងស្មូត្រទំនុកតម្កើងសរសើរ
ព្រះនាមព្រះអង្គជារៀងរាល់ថ្ងៃ ឥតឈប់ឈរ
ស្របតាមពាក្យដែលទូលបង្គំ
បានសន្យាចំពោះព្រះអង្គ!។