ទំនុក‌តម្កើង 63

ព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ ប្រសើរលើសជីវិតទៅទៀត

ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់គង់នៅវាលរហោ‌ស្ថានស្រុកយូដា ។

1 ឱព្រះ‌ជាម្ចាស់អើយ!

ព្រះ‌អង្គពិតជាព្រះនៃទូលបង្គំមែន

ទូលបង្គំស្វែងរកព្រះ‌អង្គ

ទូលបង្គំចង់នៅក្បែរព្រះ‌អង្គណាស់

ទូលបង្គំចង់នៅជាប់ជាមួយព្រះ‌អង្គ

ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។

2 ទូលបង្គំបានឃើញព្រះ‌អង្គនៅក្នុងទី‌សក្ការៈ

ទូលបង្គំបានឃើញឫទ្ធា‌នុភាព

និងសិរី‌រុងរឿងរបស់ព្រះ‌អង្គ

3 ដ្បិតព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ

ប្រសើរលើសជីវិតទៅទៀត

ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង

សិរី‌រុងរឿងព្រះ‌អង្គ។

4 ទូលបង្គំនឹងអរព្រះ‌គុណព្រះ‌អង្គ

អស់មួយជីវិតទូលបង្គំ

ហើយទូលបង្គំនឹងលើកដៃឡើង

ថ្វាយ‌បង្គំព្រះ‌នាមព្រះ‌អង្គ។

5 ទូលបង្គំនឹងបានសប្បាយ មានសុខ‌ដុម‌រមនា

ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង

ច្រៀងសរសើរតម្កើងព្រះ‌អង្គ។

6 ពេលទូលបង្គំចូលដំណេក

ទូលបង្គំនឹកដល់ព្រះ‌អង្គ

ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះ‌អង្គ

7 ដ្បិតព្រះ‌អង្គជួយទូលបង្គំ

ទូលបង្គំច្រៀងយ៉ាងសប្បាយ

ក្រោមម្លប់បារមីព្រះ‌អង្គ។

8 ចិត្តគំនិតទូលបង្គំ

នៅជាប់ជំពាក់នឹងព្រះ‌អង្គជា‌និច្ច

ព្រះ‌អង្គគាំទ្រទូលបង្គំ

ដោយព្រះ‌ចេស្ដារបស់ព្រះ‌អង្គ។

9 រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ

សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។

10 សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ

សូមឲ្យគេបានទៅជាចំណីរបស់ចចក។

11 ពេលនោះ ព្រះ‌រាជានឹងមានអំណរ

ដោយព្រះ‌នាមព្រះ‌ជាម្ចាស់

អ្នកណាស្បថក្នុងព្រះ‌នាមព្រះ‌ជាម្ចាស់

អ្នកនោះនឹងលើកតម្កើងព្រះ‌អង្គ

រីឯអ្នកដែលចូលចិត្តនិយាយកុហក

នឹងត្រូវបាត់មាត់សូន្យ‌ឈឹងទៅ។