ទំនុក‌តម្កើង 66

ព្រះ‌ជាម្ចាស់បានរំដោះយើង

បទពីសៀវភៅរបស់គ្រូចម្រៀង។ ចម្រៀងតម្កើងព្រះ‌ជាម្ចាស់។ ទំនុក‌តម្កើង។

1 ប្រជា‌ជននៅផែនដីទាំងមូលអើយ

ចូរនាំគ្នាស្រែកជយ‌ឃោស

ថ្វាយព្រះ‌ជាម្ចាស់!

2 ចូរស្មូត្រទំនុក‌តម្កើង

ថ្វាយសិរី‌រុងរឿងព្រះ‌នាមព្រះ‌អង្គ

ចូរនាំគ្នាសរសើរ

លើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ!

3 ចូរទូលព្រះ‌អង្គថា: ព្រះ‌ជាម្ចាស់អើយ

ស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ

គួរឲ្យស្ញែងខ្លាចណាស់!

ពួកខ្មាំងសត្រូវរបស់ព្រះ‌អង្គនាំគ្នាលុតក្រាប

ដោយឃើញព្រះ‌ចេស្ដាដ៏ធំ‌ធេងរបស់ព្រះ‌អង្គ។

4 មនុស្ស‌ម្នានៅផែនដីទាំងមូល

ក្រាបថ្វាយ‌បង្គំព្រះ‌អង្គ

ហើយនាំគ្នាស្មូត្រទំនុក‌តម្កើងព្រះ‌អង្គ

គេស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌នាមព្រះ‌អង្គ។

– សម្រាក

5 ចូរនាំគ្នាមករំពៃមើលស្នាព្រះ‌ហស្ដ

របស់ព្រះ‌ជាម្ចាស់!

កិច្ចការដែលព្រះ‌អង្គធ្វើចំពោះមនុស្សលោក

គួរឲ្យស្ញែងខ្លាចណាស់។

6 ព្រះ‌អង្គបានធ្វើឲ្យទឹកសមុទ្ររីង

ទៅជាដីគោក ដើម្បីឲ្យប្រជា‌ជនដើរឆ្លង។

ដោយព្រះ‌អង្គធ្វើការដ៏អស្ចារ្យនោះ

យើងមានអំណរសប្បាយយ៉ាងខ្លាំង។

7 ព្រះ‌អង្គគ្រងរាជ្យអស់‌កល្បជា‌និច្ច

ដោយ‌សារឫទ្ធា‌នុភាពរបស់ព្រះ‌អង្គ

ព្រះ‌អង្គពិនិត្យមើលប្រជា‌ជាតិទាំង‌ឡាយ

ដើម្បីកុំឲ្យពួកបះ‌បោរ

អាចក្រោកឡើងបានឡើយ!

– សម្រាក

8 ប្រជា‌ជនទាំង‌ឡាយអើយ

ចូរនាំគ្នាសរសើរតម្កើងព្រះនៃយើង

ចូរបន្លឺសំឡេងសរសើរតម្កើងព្រះ‌អង្គ!

9 ព្រះ‌អង្គប្រទានឲ្យយើងមានជីវិត

ហើយព្រះ‌អង្គមិនបណ្ដោយ

ឲ្យយើងភ្លាត់ដួលឡើយ។

10 ឱព្រះ‌ជាម្ចាស់អើយ!

ព្រះ‌អង្គបានល្បង‌លមើលចិត្តយើងខ្ញុំ

ព្រះ‌អង្គបានលត់‌ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។

11 ព្រះ‌អង្គបាននាំយើងខ្ញុំឲ្យជួបនឹងទុក្ខលំបាក

ព្រះ‌អង្គបានធ្វើឲ្យយើងខ្ញុំវេទនាជាច្រើនដែរ។

12 ព្រះ‌អង្គបណ្ដោយឲ្យសត្រូវ

បំបោលសេះពីលើក្បាលយើងខ្ញុំ

យើងខ្ញុំបានឆ្លងកាត់ភ្លើង ឆ្លងកាត់ទឹក

ប៉ុន្តែ ព្រះ‌អង្គបាននាំយើងខ្ញុំឲ្យចេញរួច

ហើយប្រទានឲ្យយើងខ្ញុំ

បានសម្បូណ៌ហូរ‌ហៀរ។

13 ទូលបង្គំចូលមកក្នុងព្រះ‌ដំណាក់របស់ព្រះ‌អង្គ

ទាំងនាំតង្វាយដុតយកមកថ្វាយព្រះ‌អង្គ

ដូចទូលបង្គំបានសន្យា

14 គឺស្របតាមពាក្យដែលទូលបង្គំ

បានទូលព្រះ‌អង្គ នៅពេលមានអាសន្ន។

15 ទូលបង្គំយកសត្វដ៏ធាត់ៗ គឺពពែឈ្មោល

គោឈ្មោល និងចៀមឈ្មោល

មកថ្វាយជាតង្វាយ

ហើយក្លិននៃយញ្ញ‌បូជានេះសាយ‌ភាយ

ឡើងទៅកាន់ព្រះ‌អង្គ។

– សម្រាក

16 អ្នកទាំងអស់គ្នាដែលគោរពកោតខ្លាច

ព្រះ‌ជាម្ចាស់អើយ សូមអញ្ជើញមកស្ដាប់

ខ្ញុំនឹងរៀបរាប់អំពីកិច្ចការ

ដែលព្រះ‌អង្គបានធ្វើចំពោះខ្ញុំ។

17 ខ្ញុំបានស្រែកអង្វររកព្រះ‌អង្គ

ទាំងពោលពាក្យលើកតម្កើងព្រះ‌អង្គទៀតផង

18 ប្រសិនបើខ្ញុំមានគំនិតទុច្ចរិត

ព្រះ‌អម្ចាស់មុខជាមិនស្ដាប់ខ្ញុំឡើយ

19 ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់ស្ដាប់ពាក្យខ្ញុំ

ព្រះ‌អង្គយកព្រះ‌ហឫទ័យទុកដាក់

នឹងសម្រែកទូល‌អង្វររបស់ខ្ញុំ

20 សូមលើកតម្កើងព្រះ‌អង្គ ព្រោះព្រះ‌អង្គពុំបាន

បដិសេធពាក្យទូល‌អង្វររបស់ខ្ញុំទេ

ហើយព្រះ‌អង្គមានព្រះ‌ហឫទ័យ

មេត្តាករុណាចំពោះខ្ញុំជា‌និច្ច!។