ទំនុក‌តម្កើង 67

សូមឲ្យប្រជា‌ជនទាំង‌ឡាយនាំគ្នាលើកតម្កើងព្រះ‌ជាម្ចាស់

បទពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតូរ្យ‌តន្ដ្រីដែលមានខ្សែ។ ទំនុក‌តម្កើង។ ចម្រៀងតម្កើងព្រះ‌ជាម្ចាស់។

1 ឱព្រះ‌ជាម្ចាស់អើយ

សូមប្រណីសន្ដោសយើងខ្ញុំ

សូមប្រទានពរដល់យើងខ្ញុំ

សូមទតមកយើងខ្ញុំដោយ

ព្រះ‌ហឫទ័យសប្បុរសផង!

– សម្រាក

2 ដូច្នេះ មនុស្សនៅលើផែនដី

នឹងស្គាល់មាគ៌ារបស់ព្រះ‌អង្គ

ហើយក្នុងចំណោមប្រជា‌ជាតិទាំងឡាយ

គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះ‌អង្គ!

3 ឱព្រះ‌ជាម្ចាស់អើយ សូមឲ្យប្រជា‌ជន

ទាំង‌ឡាយនាំគ្នាលើកតម្កើងព្រះ‌អង្គ

សូមឲ្យប្រជា‌ជនទាំងអស់រួមគ្នា

លើកតម្កើងព្រះ‌អង្គ!

4 មហា‌ជននាំគ្នាសប្បាយរីក‌រាយ

នាំគ្នាស្រែកជយ‌ឃោស

ដ្បិតព្រះ‌អង្គគ្រប់‌គ្រងប្រជា‌រាស្ត្រនានា

ដោយយុត្តិធម៌

ហើយព្រះ‌អង្គដឹកនាំមហា‌ជនទាំង‌ឡាយ

នៅលើផែនដី។

– សម្រាក

5 ឱព្រះ‌ជាម្ចាស់អើយ

សូមឲ្យប្រជា‌ជនទាំង‌ឡាយ

នាំគ្នាលើកតម្កើងព្រះ‌អង្គ

សូមឲ្យប្រជា‌ជនទាំងអស់រួមគ្នា

លើកតម្កើងព្រះ‌អង្គ!

6 ផែនដីបានបង្កើតភោគ‌ផល

ព្រោះព្រះ‌ជាម្ចាស់

ជាព្រះនៃយើងបានប្រទានពរឲ្យយើង។

7 សូមព្រះ‌ជាម្ចាស់ប្រទានពរឲ្យយើង

សូមឲ្យប្រជា‌ជនទាំងប៉ុន្មាន

ដែលរស់នៅទីដាច់ស្រយាលនៃផែនដី

គោរពកោតខ្លាចព្រះ‌អង្គ!