២ ធីម៉ូថេ 2

ទាហានដ៏ស្មោះត្រង់របស់ព្រះ‌គ្រិស្ដ

1 ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះ‌គុណដែលយើងមានដោយរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូ។

2 សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់ឲ្យបង‌ប្អូនណាដែលស្មោះត្រង់ និងមានសមត្ថ‌ភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀតចុះ។

3 ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះ‌គ្រិស្ដ‌យេស៊ូ។

4 ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណាឲ្យអ្នកដែលកេណ្ឌខ្លួនពេញចិត្ត។

5 រីឯកីឡា‌ករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។

6 កសិករដែលបានធ្វើការយ៉ាងនឿយ‌ហត់ ត្រូវតែទទួលភោគផលមុនគេ។

7 ចូរពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះ‌អម្ចាស់នឹងប្រទានឲ្យអ្នកមានប្រាជ្ញា អាចយល់បានទាំងអស់។

8 ចូរនឹកដល់ព្រះ‌យេស៊ូគ្រិស្ដ ដែលមានព្រះ‌ជន្មរស់ឡើងវិញ ព្រះ‌អង្គជាប់ព្រះ‌ញាតិវង្សនឹងព្រះ‌បាទដាវីឌ ស្របតាមដំណឹង‌ល្អដែលខ្ញុំប្រកាស។

9 ខ្ញុំរង‌ទុក្ខលំបាកព្រោះតែដំណឹង‌ល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើអាក្រក់។ រីឯព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់វិញ គេពុំអាចចាប់ចងបានឡើយ។

10 ហេតុនេះហើយបានជាខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះ‌ជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ ព្រមទាំងទទួលសិរី‌រុងរឿងដ៏នៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ចនោះដែរ។

11 ពាក្យនេះគួរឲ្យជឿ គឺថា:

ប្រសិនបើយើងរួមស្លាប់ជាមួយព្រះ‌អង្គ

យើងក៏នឹងមានជីវិតរស់

រួមជាមួយព្រះ‌អង្គដែរ។

12 ប្រសិនបើយើងស៊ូ‌ទ្រាំ

យើងនឹងបានគ្រងរាជ្យជាមួយព្រះ‌អង្គ។

ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះ‌អង្គ

ព្រះ‌អង្គក៏នឹងបដិសេធមិនទទួលស្គាល់

យើងវិញដែរ។

13 ប្រសិនបើយើងមិនស្មោះត្រង់

ព្រះ‌អង្គនៅតែស្មោះត្រង់ដដែល

ដ្បិតព្រះ‌អង្គពុំអាចបដិសេធព្រះ‌អង្គផ្ទាល់

បានឡើយ។

អ្នកបម្រើដែលមានចិត្តស្មោះត្រង់

14 អ្នកត្រូវរំឭកដាស់តឿនបង‌ប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺង‌ម៉ាត់ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់ ឲ្យគេចៀសវាងឈ្លោះប្រកែកគ្នាអំពីពាក្យ‌ពេចន៍ ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្តរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។

15 ចូរខំប្រឹងធ្វើយ៉ាងណាឲ្យបានគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ និងចូលជិតព្រះ‌អង្គ ក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំឲ្យអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះ‌បន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។

16 ត្រូវចៀសវាងពាក្យព្រោក‌ប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹម‌សារ ដ្បិតពួកអ្នកចូលចិត្តពាក្យព្រោក‌ប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីព្រះ‌ជាម្ចាស់កាន់តែឆ្ងាយទៅៗ។

17 ពាក្យសម្ដីរបស់ពួកគេប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេ‌ណាស និងភីលេត។

18 អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបង‌ប្អូនខ្លះឲ្យលះ‌បង់ជំនឿ។

19 ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលព្រះ‌ជាម្ចាស់បានចាក់នោះនៅតែស្ថិត‌ស្ថេររឹង‌ប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសម្គាល់ថា:

«ព្រះ‌អម្ចាស់ស្គាល់កូនចៅរបស់ព្រះ‌អង្គ»

ហើយ«អ្នកណាប្រកាសថាខ្លួនគោរព

ព្រះ‌នាមព្រះ‌អម្ចាស់ អ្នកនោះត្រូវតែងាកចេញ

ឲ្យផុតពីអំពើទុច្ចរិត»។

20 នៅក្នុងផ្ទះមួយដ៏ធំមិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសម្រាប់ប្រើ‌ប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសម្រាប់ប្រើ‌ប្រាស់ជាធម្មតា។

21 ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជម្រះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះ‌ជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេស វិសុទ្ធ*មានប្រយោជន៍ដល់ម្ចាស់ និងប្រើ‌ប្រាស់ សម្រាប់ធ្វើអំពើល្អគ្រប់យ៉ាង។

22 ចូរគេចចេញឲ្យផុតពីតណ្ហានៃយុវ‌វ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខ‌សាន្ត ជាមួយអស់អ្នកដែលគោរពព្រះ‌អម្ចាស់ដោយចិត្តបរិសុទ្ធ*នោះវិញ។

23 ចូរចៀស‌វាងការជជែកវែក‌ញែកដ៏ល្ងី‌ល្ងើផ្ដេស‌ផ្ដាស ត្រូវដឹងថា ការជជែកវែក‌ញែកបែបនេះ បង្កឲ្យតែមានជម្លោះប៉ុណ្ណោះ

24 រីឯអ្នកបម្រើរបស់ព្រះ‌អម្ចាស់មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួស‌រាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ

25 ត្រូវមានចិត្តស្លូត‌បូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះ‌ជាម្ចាស់នឹងប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់

26 ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ* ដែលបានចាប់ចងគេ បង្ខំឲ្យធ្វើតាមបំណងរបស់វា។

—https://d1b84921e69nmq.cloudfront.net/364/32k/2TI/2-19e91ca53f14223f5106e101bac19e98.mp3?version_id=85—