ទំនុក‌តម្កើង 70

ព្រះ‌អម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំ

បទពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ សម្រាប់ពិធីរំឭក។

1 ឱព្រះ‌ជាម្ចាស់អើយ

សូមយាងមករំដោះទូលបង្គំផង!

ព្រះ‌អម្ចាស់អើយ

សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!

2 សូមឲ្យអស់អ្នកដែលប៉ុន‌ប៉ង

ព្យាបាទជីវិតទូលបង្គំ

ត្រូវអាប់អោន និងអាម៉ាស់មុខ!

សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យទូលបង្គំ

វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ!

3 សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ

ត្រូវបរា‌ជ័យ ទាំងបាត់បង់កិត្តិយស!

4 រីឯអស់អ្នកដែលស្វែងរកព្រះ‌អង្គវិញ

សូមឲ្យគេបានសប្បាយរីក‌រាយ

រួមជាមួយព្រះ‌អង្គ

សូមឲ្យអស់អ្នកដែលស្រឡាញ់

ការសង្គ្រោះរបស់ព្រះ‌អង្គ

អាចថ្លែងឥតឈប់ឈរថា

«សូមលើកតម្កើងព្រះ‌ជាម្ចាស់!»

5 ឱព្រះ‌ជាម្ចាស់អើយ

ទូលបង្គំជាមនុស្សកំសត់ទុគ៌ត

សូមប្រោស‌ប្រណីដល់ទូលបង្គំផង!

ព្រះ‌អង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ

ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!