ទំនុក‌តម្កើង 72

សូមព្រះ‌ជាម្ចាស់ប្រទានពរដល់ព្រះ‌មហា‌ក្សត្រ

ទំនុករបស់ស្ដេចសាឡូម៉ូន។

1 ឱព្រះ‌ជាម្ចាស់អើយ

សូមប្រទានឲ្យព្រះ‌រាជា

ចេះវិនិច្ឆ័យដូចព្រះ‌អង្គ

ហើយសូមឲ្យព្រះ‌រាជ‌បុត្ររបស់ព្រះ‌រាជា

បានប្រកបដោយសេចក្ដីសុចរិត ដូចព្រះ‌អង្គដែរ!

2 ដើម្បីឲ្យព្រះ‌រាជាអាចគ្រប់‌គ្រង

ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ដោយសុចរិត

ហើយគ្រប់‌គ្រងជនក្រីក្រដោយយុត្តិធម៌។

3 សូមឲ្យភ្នំទាំង‌ឡាយផ្ដល់នូវភោគ‌ផល

ដ៏សម្បូណ៌សប្បាយដល់ប្រជា‌រាស្ត្រ

ព្រមទាំងនាំឲ្យពួកគេស្គាល់

សេចក្ដីសុចរិតដែរ។

4 សូមព្រះ‌រាជារកយុត្តិធម៌ឲ្យជនក្រីក្រ

ក្នុងចំណោមប្រជា‌រាស្ត្រ

សូមទ្រង់ជួយសង្គ្រោះមនុស្សកំសត់ទុគ៌ត

ហើយកម្ទេចអស់អ្នកដែលជិះ‌ជាន់សង្កត់‌សង្កិនគេ

5 ដរាបណានៅមានព្រះ‌អាទិត្យរះ

មានព្រះ‌ច័ន្ទបញ្ចេញរស្មី

សូមឲ្យព្រះ‌រាជាមានព្រះ‌ជន្មាយុយឺន‌យូរ

អស់‌កល្បជាអង្វែងតរៀងទៅ។

6 សូមទ្រង់ផ្ដល់ព្រះ‌ពរដល់ប្រជា‌រាស្ត្រ

ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ

និងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។

7 សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង

ក្នុងរជ្ជកាលរបស់ព្រះ‌ករុណា

ហើយដរាបណានៅមានព្រះ‌ច័ន្ទ

សូមឲ្យសេចក្ដីសុខ‌សាន្តមានយ៉ាងបរិបូណ៌។

8 សូមឲ្យរាជ្យរបស់ព្រះ‌ករុណាលាតសន្ធឹង

ពីសមុទ្រមួយទៅសមុទ្រមួយ

និងលាតសន្ធឹងពីទន្លេអឺប្រាតនេះ

រហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។

9 ប្រជា‌ជនដែលរស់នៅតាមវាលរហោ‌ស្ថាន

នឹងនាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌ករុណា

ហើយខ្មាំងសត្រូវរបស់ព្រះ‌ករុណា

ត្រូវបរា‌ជ័យ ងើបមុខមិនរួច ។

10 ស្ដេចទាំង‌ឡាយនៅស្រុកតើស៊ីស

និងនៅកោះនានា

នឹងយកតង្វាយមកថ្វាយព្រះ‌ករុណា

ស្ដេចទាំង‌ឡាយនៅស្រុកសាបា និងស្រុកសេបា

ក៏នាំគ្នាយកសួយសារ‌អាករមកថ្វាយដែរ។

11 ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា

ក្រាបថ្វាយ‌បង្គំព្រះ‌ករុណា

ហើយប្រជា‌ជាតិទាំងអស់

នឹងនាំគ្នាបម្រើព្រះ‌ករុណា។

12 ព្រះ‌ករុណារំដោះជនក្រីក្រ

នៅពេលគេស្រែកអង្វរព្រះ‌ករុណា

ហើយព្រះ‌ករុណារំដោះជនទុគ៌ត

ដែលគ្មានទីពឹង។

13 ព្រះ‌ករុណាអាណិតអាសូរមនុស្សទន់ខ្សោយ

និងមនុស្សកំសត់ទុគ៌ត

ព្រះ‌ករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។

14 ព្រះ‌ករុណារំដោះពួកគេឲ្យរួចផុត

ពីការសង្កត់‌សង្កិនរបស់មនុស្សឃោរ‌ឃៅ

ចំពោះព្រះ‌ករុណា

ជីវិតរបស់ពួកគេមានតម្លៃណាស់។

15 សូមឲ្យព្រះ‌រាជាមានព្រះ‌ជន្មាយុយឺន‌យូរ!

គេនឹងយកមាសពីស្រុកសាបាមកថ្វាយព្រះ‌ករុណា

គេនឹងទូល‌អង្វរព្រះ‌ជាម្ចាស់ឲ្យព្រះ‌រាជា

ឥតឈប់ឈរ ហើយរៀងរាល់ថ្ងៃ

គេនឹងថ្វាយព្រះ‌ពរដល់ព្រះ‌រាជា។

16 នៅក្នុងស្រុក សូមឲ្យមានស្រូវយ៉ាងបរិបូណ៌

នៅតាមកំពូលភ្នំ សូមឲ្យមានភោគ‌ផលច្រើន

ដូចនៅស្រុកលីបង់ ហើយនៅក្នុងទីក្រុង

សូមឲ្យប្រជា‌ជនកើនចំនួនឡើង

ដូចស្មៅនៅតាមទីវាល។

17 សូមឲ្យព្រះ‌រាជាមានព្រះ‌នាម

ល្បី‌ល្បាញរហូតតទៅ

គឺសូមឲ្យព្រះ‌នាមព្រះ‌ករុណា

នៅស្ថិត‌ស្ថេរគង់‌វង្សដូចព្រះ‌អាទិត្យ។

សូមឲ្យមនុស្ស‌ម្នាយកព្រះ‌នាមព្រះ‌ករុណា

ទៅជូនពរគ្នាទៅវិញទៅមក

ហើយប្រជា‌ជាតិទាំងអស់នឹងពោលថា

ព្រះ‌រាជាប្រកបដោយព្រះ‌ពរ!

18 សូមលើកតម្កើងព្រះ‌ជា‌អម្ចាស់

ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល

ដ្បិតមានតែព្រះ‌អង្គទេ

ដែលសម្តែងការអស្ចារ្យទាំងនេះ!

19 សូមលើកតម្កើងព្រះ‌នាមដ៏រុងរឿង

របស់ព្រះ‌អង្គរហូតតទៅ!

សូមឲ្យផែនដីទាំងមូលបានពោរ‌ពេញ

ទៅដោយសិរី‌រុងរឿងរបស់ព្រះ‌អង្គ!

អាម៉ែន! អាម៉ែន!

20 ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ

ជាបុត្ររបស់លោកអ៊ីសាយ ចប់តែត្រឹមណេះ។