ទំនុក‌តម្កើង 84

ទូលបង្គំស្រឡាញ់ព្រះ‌ដំណាក់របស់ព្រះ‌អង្គណាស់!

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់កូនចៅលោកកូរេ។

1 ឱព្រះ‌អម្ចាស់នៃពិភពទាំងមូលអើយ

ទូលបង្គំស្រឡាញ់ព្រះ‌ដំណាក់

របស់ព្រះ‌អង្គណាស់!

2 ទូលបង្គំអន្ទះ‌អន្ទែងប្រាថ្នាចង់ចូល

ទៅក្នុងព្រះ‌វិហាររបស់ព្រះ‌អម្ចាស់ពន់ពេកក្រៃ

ទូលបង្គំបន្លឺសំឡេងតម្កើង

ព្រះដ៏មានព្រះ‌ជន្មគង់នៅ

អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។

3 ឱព្រះ‌អម្ចាស់នៃពិភពទាំងមូល

ឱព្រះ‌ជាម្ចាស់ជាព្រះ‌មហា‌ក្សត្រនៃទូលបង្គំអើយ!

សូម្បីតែសត្វចាប និងសត្វត្រចៀក‌កាំ

ក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវា

នៅជិតអាសនៈរបស់ព្រះ‌អង្គដែរ។

4 មានសុភមង្គលហើយ

អស់អ្នកដែលរស់នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អង្គ

គេនឹងសរសើរតម្កើងព្រះ‌អង្គរហូតតរៀងទៅ!។

– សម្រាក

5 អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះ‌អង្គ

អ្នកនោះមានសុភមង្គលហើយ!

ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះ‌ដំណាក់

របស់ព្រះ‌អង្គដោយចិត្តស្មោះ‌សរ។

6 នៅពេលពួកគេដើរកាត់ជ្រោះរីង‌ស្ងួត

ព្រះ‌អង្គបានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹក

ហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មក

ជាព្រះ‌ពរលើកន្លែងនោះដែរ។

7 ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជា‌និច្ច

នៅពេលពួកគេកាន់តែខិតចូលជិតព្រះ‌ជាម្ចាស់

នៅលើភ្នំស៊ីយ៉ូន។

8 ឱព្រះ‌អម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ

សូមស្ដាប់ពាក្យទូល‌អង្វររបស់ទូលបង្គំ!

ឱព្រះនៃលោកយ៉ាកុបអើយ

សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ទូលបង្គំផង!។

– សម្រាក

9 ឱព្រះ‌ជាម្ចាស់អើយ

ព្រះ‌អង្គជាខែលការពារយើងខ្ញុំ

សូមទ្រង់ព្រះសន្ដោសទតមកព្រះ‌រាជា

ដែលព្រះ‌អង្គបានចាក់ប្រេងអភិសេក!។

10 មួយថ្ងៃ នៅក្នុងព្រះ‌វិហាររបស់ព្រះ‌អង្គ

ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត

ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ

មាត់ទ្វារព្រះ‌ដំណាក់នៃព្រះ‌ជាម្ចាស់របស់ខ្ញុំ

ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់

11 ដ្បិតព្រះ‌ជា‌អម្ចាស់ជាពន្លឺថ្ងៃ

និងជាខែលការពារយើង

ព្រះ‌អម្ចាស់ប្រណីសន្ដោស

និងប្រទានឲ្យយើងបានរុងរឿង

ព្រះ‌អង្គតែងតែប្រទានសុភមង្គលឲ្យអស់អ្នក

ដែលរស់នៅ ដោយគ្មានសៅ‌ហ្មង។

12 ឱព្រះ‌អម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ

អ្នកណាទុកចិត្តលើព្រះ‌អង្គ

អ្នកនោះមានសុភមង្គលហើយ!។