ក្រុងស៊ីយ៉ូនជាប្រភពនៃព្រះពររបស់យើង
ទំនុកតម្កើងរបស់កូនចៅលោកកូរេ។ ចម្រៀងតម្កើងព្រះជាម្ចាស់។
1 ព្រះអម្ចាស់បានសង់ក្រុង
យេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។
2 ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូន
ជាងកន្លែងឯទៀតៗទាំងអស់
នៅលើទឹកដីលោកយ៉ាកុប។
3 ឱក្រុងរបស់ព្រះជាម្ចាស់អើយ
គេលើកតម្កើងសិរីរុងរឿងរបស់អ្នក
ដោយពោលថា:
– សម្រាក
4 “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ
មានអ្នកខ្លះកើតនៅស្រុកអេស៊ីប
អ្នកខ្លះកើតនៅស្រុកបាប៊ីឡូន
ខ្លះទៀតនៅស្រុកភីលីស្ទីន
ខ្លះទៀតនៅស្រុកទីរ៉ុស
និងខ្លះទៀតនៅស្រុកអេត្យូពី”
5 ក៏ប៉ុន្តែ ចំពោះក្រុងស៊ីយ៉ូនវិញ
គេពោលថា
“យើងទាំងអស់គ្នាសុទ្ធតែកើតចេញ
មកពីក្រុងស៊ីយ៉ូន!”
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យក្រុងនេះរឹងមាំ។
6 ព្រះអម្ចាស់រាប់ចំនួនប្រជារាស្ត្រនានាចុះក្នុងបញ្ជី
ហើយសរសេរថា ក្រុងស៊ីយ៉ូនជាស្រុកកំណើត
របស់ពួកគេទាំងអស់គ្នា។
7 ពេលនោះ ទាំងពួកអ្នកច្រៀង
ទាំងពួកអ្នករាំ នឹងពោលឡើងថា
“ក្រុងស៊ីយ៉ូនជាប្រភពនៃព្រះពររបស់យើង!”។