ទំនុក‌តម្កើង 91

នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

1 អ្នកណារស់នៅក្រោមការគ្រប់‌គ្រង

របស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុត

អ្នកនោះនឹងជ្រកនៅក្រោមម្លប់បារមី

របស់ព្រះដ៏មានឫទ្ធា‌នុភាពលើអ្វីៗទាំងអស់។

2 ខ្ញុំទូលព្រះ‌អម្ចាស់ថា:

ព្រះ‌អង្គជាជម្រក និងជាកំពែងការពារទូលបង្គំ

ព្រះ‌អង្គជាព្រះនៃទូលបង្គំ

ទូលបង្គំផ្ញើជីវិតលើព្រះ‌អង្គ!

3 ព្រះ‌អម្ចាស់រំដោះអ្នកឲ្យរួចផុតពីអន្ទាក់

ឲ្យរួចផុតពីជំងឺរាត‌ត្បាតផ្សេងៗ។

4 ព្រះ‌អង្គនឹងការពារអ្នក

អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ព្រះ‌អង្គ

ព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ

ប្រៀបបីដូចជាខែល និងអាវ‌ក្រោះការពារអ្នក។

5 នៅពេលយប់ អ្នកនឹងមិនភ័យខ្លាច

គ្រោះថ្នាក់ដែលគួរឲ្យតក់‌ស្លុតនោះឡើយ

នៅពេលថ្ងៃ អ្នកក៏នឹងមិនភ័យខ្លាចព្រួញ

ដែលគេបាញ់មកដែរ។

6 អ្នកនឹងមិនភ័យខ្លាចគ្រោះកាចនៅយប់ងងឹត

ហើយក៏មិនភ័យខ្លាចមហន្ត‌រាយ

នៅពេលថ្ងៃត្រង់ដែរ។

7 ទោះបីមានមនុស្សមួយពាន់នាក់

ដួលស្លាប់នៅជិតអ្នក

ហើយមានមនុស្សមួយម៉ឺននាក់

ស្លាប់នៅខាងស្ដាំអ្នកក្ដី

ក៏គ្មានអ្វីអាចប៉ះ‌ពាល់អ្នកបានឡើយ។

8 ចូរសម្លឹងមើល អ្នកនឹងឃើញថា

តើមនុស្សអាក្រក់ទទួលទោសយ៉ាងណា។

9 ព្រះ‌អម្ចាស់ជាជម្រករបស់អ្នក

អ្នកបានមកជ្រកកោនក្រោមម្លប់

របស់ព្រះដ៏ខ្ពង់‌ខ្ពស់បំផុត។

10 គ្មានទុក្ខវេទនាណាមួយកើតមាន

ដល់អ្នកបានឡើយ

ហើយក៏គ្មានគ្រោះកាចណាមួយ

ចូលទៅជិតទីលំ‌នៅរបស់អ្នកបានដែរ

11 ដ្បិតព្រះ‌អម្ចាស់នឹងបញ្ជាឲ្យ

ពួកទេវតាជួយអ្នក

ពួកទេវតានឹងការពារអ្នក

នៅគ្រប់ទីកន្លែងដែលអ្នកទៅ។

12 ទេវតាទាំងនោះនឹងចាំទ្រអ្នក

មិនឲ្យជើងអ្នកប៉ះទង្គិចនឹងថ្មឡើយ ។

13 អ្នកនឹងដើរជាន់សត្វសិង្ហ និងពស់‌វែក

អ្នកនឹងជាន់ឈ្លីកូនសិង្ហ និងនាគ។

14 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា:

«ដោយគេស្ថិតនៅជាប់នឹងយើង

យើងនឹងជួយរំដោះគេ យើងនឹងការពារគេ

ព្រោះគេទទួលស្គាល់ថាយើងជាព្រះ‌អម្ចាស់!

15 គេនឹងអង្វររកយើង

ហើយយើងនឹងឆ្លើយតបមកគេវិញ

នៅពេលគេមានអាសន្ន

យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ

ព្រមទាំងលើកតម្កើងគេផង។

16 យើងនឹងឲ្យគេមានអាយុយឺន‌យូរ

ហើយយើងនឹងឲ្យគេឃើញថា

យើងពិតជាព្រះ‌សង្គ្រោះមែន»។