ទំនុក‌តម្កើង 95

ចូរយើងនាំគ្នាលើកតម្កើងព្រះ‌អម្ចាស់!

1 សូមអញ្ជើញមក

យើងនាំគ្នាលើកតម្កើងព្រះ‌អម្ចាស់!

ចូរស្រែកច្រៀងដោយអំណរ

ថ្វាយព្រះ‌ជាម្ចាស់ដែលជាថ្ម‌ដាសង្គ្រោះយើង។

2 ចូរយើងនាំគ្នាចូលមកចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ

ទាំងអរព្រះ‌គុណ

និងស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អង្គ

3 ដ្បិតព្រះ‌អម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម

ព្រះ‌អង្គជាព្រះ‌មហា‌ក្សត្រ

ដ៏ខ្ពង់‌ខ្ពស់លើសព្រះនានា។

4 ព្រះ‌អង្គគ្រប់‌គ្រងលើអ្វីៗទាំងអស់

គឺចាប់តាំងពីបាតដីរហូតដល់ចុងកំពូលភ្នំ។

5 សមុទ្រស្ថិតនៅក្រោមការគ្រប់‌គ្រងរបស់ព្រះ‌អង្គ

ព្រោះព្រះ‌អង្គបានបង្កើតសមុទ្រមក

រីឯផែនដីក៏ព្រះ‌អង្គបានបង្កើតមកដែរ។

6 ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយ‌បង្គំព្រះ‌អង្គ

ចូរយើងក្រាបនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់

ដែលបានបង្កើតយើងមក

7 ដ្បិតព្រះ‌អង្គជាព្រះនៃយើង

យើងជាប្រជា‌រាស្ត្រដែលព្រះ‌អង្គថែ‌រក្សា

ជាហ្វូងចៀមដែលព្រះ‌អង្គដឹកនាំ។

ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះ‌សូរសៀង

របស់ព្រះ‌អង្គ

8 មិនត្រូវមានចិត្តរឹង‌រូស

ដូចកាលបះ‌បោរនៅមេរី‌បា

ដូចថ្ងៃល្បង‌លនៅម៉ាសា

ក្នុងវាលរហោ‌ស្ថាននោះឡើយ

9 គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បង‌លយើង

គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការ

ដែលយើងធ្វើក៏ដោយ។

10 ក្នុងអំឡុងពេលសែ‌សិបឆ្នាំ

មនុស្សនៅជំនាន់នោះ

បានធ្វើឲ្យយើងឆ្អែតចិត្តជាខ្លាំង

ហើយយើងបានពោលថា:

ពួកនេះជាប្រជា‌ជនដែលមានចិត្តវង្វេង

គេពុំស្គាល់មាគ៌ារបស់យើងឡើយ។

11 ហេតុនេះ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា

មិនឲ្យពួកគេចូលមកសម្រាក

ជាមួយយើងជាដាច់ខាត!