ទំនុក‌តម្កើង 96

ចូរច្រៀងបទថ្មីថ្វាយព្រះ‌អម្ចាស់!

1 ចូរច្រៀងបទថ្មីថ្វាយព្រះ‌អម្ចាស់!

មនុស្សនៅផែនដីទាំងមូលអើយ

ចូរច្រៀងថ្វាយព្រះ‌អម្ចាស់!

2 ចូរច្រៀងថ្វាយព្រះ‌អម្ចាស់

និងសរសើរតម្កើងព្រះ‌នាមព្រះ‌អង្គ

ចូរប្រកាសជារៀងរាល់ថ្ងៃ

អំពីការសង្គ្រោះរបស់ព្រះ‌អង្គ។

3 ចូរប្រកាសនៅក្នុងចំណោមប្រជា‌ជាតិនានា

អំពីសិរី‌រុងរឿងរបស់ព្រះ‌អង្គ

ហើយប្រកាសនៅក្នុងចំណោម

ប្រជា‌ជនទាំង‌ឡាយ អំពីស្នាព្រះ‌ហស្ដ

ដ៏អស្ចារ្យរបស់ព្រះ‌អង្គ!

4 ដ្បិតព្រះ‌អម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម

ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត

ព្រះ‌អង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។

5 ព្រះទាំងប៉ុន្មានរបស់សាសន៍នានា

សុទ្ធតែឥតបានការអ្វីទាំងអស់

រីឯព្រះ‌អម្ចាស់វិញ ព្រះ‌អង្គបានបង្កើតផ្ទៃមេឃ។

6 មានពន្លឺរស្មីចិញ្ចែង‌ចិញ្ចាច

ចាំងចេញពីព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ

ព្រះ‌ដំណាក់របស់ព្រះ‌អង្គពោរ‌ពេញ

ទៅដោយឫទ្ធិ‌បារមីដ៏ថ្កុំ‌ថ្កើងរុងរឿង។

7 ប្រជា‌ជាតិទាំង‌ឡាយអើយ

ចូរនាំគ្នាលើកតម្កើងសិរី‌រុងរឿងព្រះ‌អម្ចាស់

ហើយថ្លែងអំពីឫទ្ធា‌នុភាពរបស់ព្រះ‌អង្គ។

8 ចូរលើកតម្កើងសិរី‌រុងរឿង

ព្រះ‌នាមរបស់ព្រះ‌អម្ចាស់!

ចូរនាំគ្នាយកតង្វាយចូលមក

ក្នុងព្រះ‌វិហាររបស់ព្រះ‌អង្គ!

9 ចូរនាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់

នៅពេលព្រះ‌អង្គសម្តែងភាពវិសុទ្ធរបស់ព្រះ‌អង្គ!

មនុស្សនៅលើផែនដីទាំងមូលអើយ

ចូរញាប់‌ញ័រនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គចុះ!

10 ចូរប្រកាសនៅក្នុងចំណោមប្រជា‌ជាតិនានាថា

ព្រះ‌អម្ចាស់គ្រងរាជ្យ

ពិភពលោករឹង‌មាំឥតរង្គើសោះឡើយ។

ព្រះ‌អម្ចាស់គ្រប់‌គ្រងលើប្រជា‌រាស្ត្រនានា

ដោយយុត្តិធម៌។

11 ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ

ឲ្យផែនដីបានរីក‌រាយឡើង

ហើយសមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ

បន្លឺសំឡេងយ៉ាងអឺង‌កង!

12 ចូរឲ្យស្រែចម្ការ និងអ្វីៗដែលស្ថិតនៅទីនោះ

ត្រេក‌អរសប្បាយ ចូរឲ្យព្រៃព្រឹក្សាទាំងប៉ុន្មាន

ស្រែកហ៊ោនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់

13 ដ្បិតព្រះ‌អង្គយាងមកហើយ

ព្រះ‌អង្គយាងមកវិនិច្ឆ័យទោសផែនដី

ព្រះ‌អង្គវិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌

ព្រះ‌អង្គវិនិច្ឆ័យប្រជា‌ជនទាំង‌ឡាយ

ដោយទៀងត្រង់។