ទំនុក‌តម្កើង 99

ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រ ព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធ

1 ព្រះ‌អម្ចាស់គ្រងរាជ្យ

ប្រជា‌ជនទាំង‌ឡាយត្រូវញ័រ‌រន្ធត់។

ព្រះ‌អង្គគង់នៅពីលើពួកចេរូប៊ីន*

ហើយផែនដីកក្រើកញាប់‌ញ័រ។

2 ព្រះ‌អម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន

ព្រះ‌អង្គជាព្រះដ៏ខ្ពង់‌ខ្ពស់លើសប្រជា‌ជាតិទាំងអស់។

3 មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះ‌នាម

ដ៏ឧត្ដុង្គ‌ឧត្ដម គួរជាទីស្ញែងខ្លាចរបស់ព្រះ‌អង្គ

ដ្បិតព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធ!។

4 ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គប្រកបដោយឫទ្ធា‌នុភាព

ព្រះ‌អង្គជាព្រះ‌មហា‌ក្សត្រ

ដែលស្រឡាញ់យុត្តិធម៌!

ព្រះ‌អង្គបានតែងច្បាប់

ហើយព្រះ‌អង្គធ្វើឲ្យមានសេចក្ដីសុចរិត

និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រា‌អែល!

5 ចូរលើកតម្កើងព្រះ‌អម្ចាស់ជាព្រះនៃយើង

ចូរនាំគ្នាក្រាបទៀបព្រះ‌បាទារបស់ព្រះ‌អង្គ

ដ្បិតព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធ!

6 លោកម៉ូសេ និងលោកអើរ៉ុន

ជាបូជា‌ចារ្យរបស់ព្រះ‌អង្គ

លោកសាំយូ‌អែលជាមនុស្សម្នាក់ក្នុងចំណោម

អ្នកដែលអង្វររកព្រះ‌អង្គ

ពេលលោកទាំងនោះអង្វររកព្រះ‌អម្ចាស់

ព្រះ‌អង្គឆ្លើយតបមកលោកវិញ ។

7 ព្រះ‌អង្គមានព្រះ‌បន្ទូលពីក្នុងផ្ទាំងពពក*

មកពួកលោក

ពួកលោកបានកាន់តាមដំបូន្មាន

និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន

ដែលព្រះ‌អង្គបង្គាប់ឲ្យពួកលោកធ្វើ។

8 ឱព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំអើយ

ព្រះ‌អង្គបានឆ្លើយតបមកពួកលោក

ទោះបីព្រះ‌អង្គដាក់ទោសលោកទាំងនោះ

ព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្ដី

ក៏ព្រះ‌អង្គតែងតែអត់‌ទោសឲ្យពួកលោកជា‌និច្ច។

9 ចូរលើកតម្កើងព្រះ‌អម្ចាស់ជាព្រះនៃយើង

ចូរនាំគ្នាក្រាបថ្វាយ‌បង្គំព្រះ‌អង្គ

តម្រង់ទៅរកភ្នំដ៏‌វិសុទ្ធ

ដ្បិតព្រះ‌អម្ចាស់ជាព្រះនៃយើងទ្រង់ជាព្រះដ៏‌វិសុទ្ធ!