ទំនុក‌តម្កើង 100

ចូរគោរពបម្រើព្រះ‌អម្ចាស់ដោយចិត្តរីក‌រាយ

ទំនុក‌តម្កើងសម្រាប់ពិធីថ្វាយតង្វាយអរព្រះ‌គុណ។

1 មនុស្សនៅលើផែនដី

ទាំងមូលអើយ

ចូរបន្លឺសំឡេងតម្កើងព្រះ‌អម្ចាស់!

2 ចូរគោរពបម្រើព្រះ‌អម្ចាស់ដោយចិត្តរីក‌រាយ

ចូរនាំគ្នាចូលមកជិតព្រះ‌អង្គ

ដោយច្រៀងយ៉ាងសប្បាយ!

3 ចូរដឹងថាព្រះ‌អម្ចាស់ពិតជាព្រះ‌ជាម្ចាស់មែន!

ព្រះ‌អង្គបានបង្កើតយើងមក

យើងជាប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ

ហើយជាប្រជា‌ជនដែលព្រះ‌អង្គថែ‌រក្សា។

4 ចូរនាំគ្នាចូលតាមទ្វារព្រះ‌ដំណាក់របស់ព្រះ‌អង្គ

ដោយអរព្រះ‌គុណ

ចូរនាំគ្នាចូលមកក្នុងព្រះ‌វិហារ

ដោយពាក្យសរសើរតម្កើង!

ចូរលើកតម្កើងព្រះ‌អង្គ

ចូរសរសើរតម្កើងព្រះ‌នាមព្រះ‌អង្គ!

5 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសប្បុរស

ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេរជា‌និច្ច

ហើយព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេរអស់‌កល្បជាអង្វែងតរៀងទៅ។