ទំនុក‌តម្កើង 111

ស្នាព្រះ‌ហស្ដដ៏អស្ចារ្យរបស់ព្រះ‌អម្ចាស់

1 ចូរសរសើរតម្កើងព្រះ‌អម្ចាស់!

ខ្ញុំនឹងលើកតម្កើងព្រះ‌អម្ចាស់

យ៉ាងអស់ពីចិត្ត

នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។

2 ព្រះ‌អម្ចាស់បានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គ‌ឧត្ដម

ហើយអស់អ្នកដែលពេញចិត្តនឹងស្នាព្រះ‌ហស្ដនេះ

នាំគ្នាស្វែងយល់។

3 ស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គប្រកបទៅដោយ

រស្មីភ្លឺចិញ្ចែង‌ចិញ្ចាច

សេចក្ដីសុចរិតរបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេររហូតតទៅ។

4 ព្រះ‌អង្គសព្វព្រះ‌ហឫទ័យឲ្យយើង

នឹកដល់ស្នាព្រះ‌ហស្ដដ៏អស្ចារ្យរបស់ព្រះ‌អង្គ

ព្រះ‌អម្ចាស់តែងតែប្រណី‌សន្ដោស

ហើយប្រកបដោយព្រះ‌ហឫទ័យអាណិតអាសូរ។

5 ព្រះ‌អង្គប្រទានអាហារឲ្យអស់អ្នក

ដែលគោរពកោតខ្លាចព្រះ‌អង្គ

ព្រះ‌អង្គតែងនឹកដល់សម្ពន្ធ‌មេត្រី

របស់ព្រះ‌អង្គជា‌និច្ច។

6 ព្រះ‌អង្គសម្តែងឫទ្ធា‌នុភាព

ឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គឃើញ

តាមរយៈស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ

គឺប្រគល់ទឹកដីរបស់ប្រជា‌ជាតិនានា

ឲ្យពួកគេ។

7 ស្នាព្រះ‌ហស្ដដែលព្រះ‌អង្គធ្វើ សុទ្ធតែពិត

និងប្រាកដប្រជា

ព្រះ‌ឱវាទរបស់ព្រះ‌អង្គ

គួរឲ្យជឿទុកចិត្តទាំងស្រុង។

8 ព្រះ‌បញ្ជាទាំងនោះនៅស្ថិត‌ស្ថេររហូត

ព្រោះព្រះ‌អង្គមានព្រះ‌បន្ទូល

ដោយសេចក្ដីពិត និងត្រឹមត្រូវ។

9 ព្រះ‌អង្គបានរំដោះប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

ឲ្យមានសេរី‌ភាព

ព្រះ‌អង្គបានចងសម្ពន្ធ‌មេត្រីជាមួយ

ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គរហូតតទៅ

ព្រះ‌នាមរបស់ព្រះ‌អង្គជាព្រះ‌នាមដ៏‌វិសុទ្ធ

គួរឲ្យកោតស្ញប់‌ស្ញែង។

10 ការគោរពកោតខ្លាចព្រះ‌អម្ចាស់

ជាប្រភពនៃប្រាជ្ញា

អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ

តែងតែដឹងខុសត្រូវ។

សូមសរសើរតម្កើងព្រះ‌អង្គរហូតតទៅ!