ទំនុក‌តម្កើង 114

ពេលជន‌ជាតិអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប

1 ពេលជន‌ជាតិអ៊ីស្រា‌អែល

ចាកចេញពីស្រុកអេស៊ីប

ពេលកូនចៅរបស់លោកយ៉ាកុបចាកចេញ

ពីទឹកដីបរទេស

2 ជន‌ជាតិយូដាបានទៅជាប្រជា‌ជន

ដ៏‌វិសុទ្ធរបស់ព្រះ‌ជាម្ចាស់

ហើយជន‌ជាតិអ៊ីស្រា‌អែល

ជាប្រជា‌ជនផ្ទាល់របស់ព្រះ‌អង្គ។

3 ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ

ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។

4 ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល

ហើយភ្នំតូចៗទាំង‌ឡាយក៏នាំគ្នាលោត

ដូចកូនចៀមដែរ។

5 សមុទ្រអើយ ហេតុអ្វីបានជាអ្នករត់គេចដូច្នេះ?

ទន្លេយ័រដាន់អើយ

ហេតុអ្វីបានជាអ្នកដកខ្លួនថយ?

6 ភ្នំនានាអើយ ហេតុដូចម្ដេចបានជាអ្នកនាំគ្នា

លោតដូចពពែឈ្មោល?

ភ្នំតូចៗទាំង‌ឡាយអើយ

ហេតុដូចម្ដេចបានជាអ្នកលោតដូចកូនចៀម?

7 ផែនដីអើយ ចូរញាប់‌ញ័រនៅចំពោះព្រះ‌ភ័ក្ត្រ

ព្រះ‌អម្ចាស់! ចូរញាប់‌ញ័រនៅចំពោះ

ព្រះ‌ភ័ក្ត្រព្រះរបស់លោកយ៉ាកុប

8 ដែលបានធ្វើឲ្យផ្ទាំងសិលាប្រែទៅជាបឹង

ហើយធ្វើឲ្យថ្មប្រែទៅជាប្រភពទឹក។