ទំនុក‌តម្កើង 121

តើមាននរណាជួយខ្ញុំឬទេ?

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 ខ្ញុំងើបមុខឡើង

សម្លឹងឆ្ពោះទៅរកភ្នំ

តើមាននរណាមកជួយខ្ញុំឬទេ?

2 គឺមានតែព្រះ‌អម្ចាស់ដែលបានបង្កើតផ្ទៃមេឃ

និងផែនដីប៉ុណ្ណោះ

ដែលនឹងយាងមកជួយខ្ញុំ។

3 ព្រះ‌អង្គមិនបណ្តោយឲ្យជើង

របស់អ្នកជំពប់ដួល

ព្រះ‌អង្គនឹងថែ‌រក្សាការពារអ្នក

ដោយឥតធ្វេស‌ប្រហែស

4 ព្រះ‌អង្គដែលថែ‌រក្សាការពារជន‌ជាតិអ៊ីស្រា‌អែល

ទ្រង់នឹងមិនងោក‌ងុយ មិនផ្ទំលក់សោះឡើយ។

5 ព្រះ‌អម្ចាស់នឹងថែ‌រក្សាការពារអ្នក

ព្រះ‌អម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។

6 នៅពេលថ្ងៃ ព្រះ‌អាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ

ហើយនៅពេលយប់

ព្រះ‌ច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។

7 ព្រះ‌អម្ចាស់នឹងថែ‌រក្សាការពារជីវិតអ្នក

កុំឲ្យការអាក្រក់ណាមួយ

កើតមានដល់អ្នកឡើយ។

8 ព្រះ‌អម្ចាស់ថែ‌រក្សាអ្នកនៅពេលចេញដំណើរ

រហូតដល់ពេលត្រឡប់មកវិញ

ចាប់តាំងពីពេលនេះរហូតតរៀងទៅ។