ទំនុក‌តម្កើង 122

សូមព្រះ‌អម្ចាស់ប្រទានសន្តិ‌ភាពមកក្រុងយេរូ‌សាឡឹម

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។

1 ខ្ញុំមានអំណរខ្លាំងណាស់

នៅពេលគេប្រាប់ខ្ញុំថា:

ចូរយើងនាំគ្នាទៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់!។

2 ក្រុងយេរូ‌សាឡឹមអើយ

យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ

របស់អ្នកហើយ!

3 យេរូ‌សាឡឹមអើយ

អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹង‌មាំ

និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំ‌វិញ។

4 កុល‌សម្ព័ន្ធនានារបស់ព្រះ‌អម្ចាស់

នាំគ្នាឡើងមកទីនេះ

ដើម្បីលើកតម្កើងព្រះ‌នាមព្រះ‌អម្ចាស់

តាមច្បាប់របស់ជន‌ជាតិអ៊ីស្រា‌អែល។

5 នៅទីនេះក៏មានបល្ល័ង្កនៃព្រះ‌រាជ‌វង្ស

របស់ស្ដេចដាវីឌ

ដើម្បីគ្រប់‌គ្រងប្រជា‌រាស្ត្រ ដោយយុត្តិធម៌ដែរ។

6 ចូរនាំគ្នាទូលសូមព្រះ‌អម្ចាស់ប្រទានសន្តិ‌ភាព

មកក្រុងយេរូ‌សាឡឹម

សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ

អាចរស់នៅយ៉ាងសុខ‌សាន្ត!

7 សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុង

បានប្រកបដោយសេចក្ដីសុខ

សូមឲ្យវិមាននានានៅក្នុងក្រុង

បានសុខក្សេម‌ក្សាន្ត។

8 ដោយយល់ដល់បង‌ប្អូន និងញាតិ‌មិត្តរបស់ខ្ញុំ

ខ្ញុំពោលថា: សូមឲ្យក្រុងយេរូ‌សាឡឹម

បានប្រកបដោយសេចក្ដីសុខ‌សាន្ត!

9 ដោយយល់ដល់ព្រះ‌ដំណាក់

របស់ព្រះ‌ជា‌អម្ចាស់នៃយើង

ខ្ញុំទូលសូមឲ្យអ្នកបានប្រកបដោយសុភមង្គល!