ទំនុក‌តម្កើង 123

ទូលបង្គំទន្ទឹងរង់‌ចាំព្រះ‌អង្គ

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 ឱព្រះ‌អម្ចាស់ដែលគង់នៅ

ស្ថានបរម‌សុខអើយ

ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះ‌អង្គ។

2 យើងខ្ញុំក៏សម្លឹងមើលព្រះ‌ជា‌អម្ចាស់នៃយើង

ហើយទន្ទឹងរង់‌ចាំព្រះ‌អង្គប្រណី‌សន្ដោស

ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន

និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រី

របស់ខ្លួនយ៉ាងនោះដែរ។

3 ឱព្រះ‌អម្ចាស់អើយ

សូមប្រណី‌សន្ដោសយើងខ្ញុំ

សូមប្រណី‌សន្ដោសយើងខ្ញុំផង

ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។

4 យើងខ្ញុំពុំអាចទ្រាំ‌ទ្រ

នឹងការមើល‌ងាយពីសំណាក់មនុស្សព្រហើន

ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយ‌ឫកខ្ពស់

បានទៀតឡើយ។