ទំនុក‌តម្កើង 126

ព្រះ‌អម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំឲ្យយើងមានអំណរសប្បាយ

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 ពេលព្រះ‌អម្ចាស់នាំអស់អ្នក

ដែលជាប់ជាឈ្លើយ

ត្រឡប់មកក្រុងស៊ីយ៉ូនវិញ

យើងទាំងអស់គ្នាដូចជាយល់សប្ដិ។

2 យើងសើចសប្បាយជា‌និច្ច

យើងស្រែកជយ‌ឃោស

ពេលនោះ ក្នុងចំណោមប្រជា‌ជាតិនានា

គេបានពោលថា:

«ព្រះ‌អម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។

3 ព្រះ‌អម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ

ចំពោះយើងមែន

ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។

4 ឱព្រះ‌អម្ចាស់អើយ សូមប្រោសប្រទានឲ្យ

យើងខ្ញុំបានចម្រុង‌ចម្រើនឡើងវិញ

ដូចវាលរហោ‌ស្ថានដ៏ហួត‌ហែង

មានទឹកហូរឡើងវិញយ៉ាងនោះដែរ។

5 អ្នកណាសាបព្រោះទាំងទឹកភ្នែក

អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។

6 អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ

ទាំងយំសោក

អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ

ទាំងស្រែកហ៊ោដោយអំណរ។