ទំនុក‌តម្កើង 127

ប្រសិនបើព្រះ‌អម្ចាស់មិនសង់ផ្ទះ

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចសាឡូម៉ូន។

1 ប្រសិនបើព្រះ‌អម្ចាស់

មិនសង់ផ្ទះទេនោះ

អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់

ដោយឥតបានផលអ្វីឡើយ!

ប្រសិនបើព្រះ‌អម្ចាស់មិនថែ‌រក្សាទីក្រុងទេនោះ

អ្នកយាមទីក្រុងនឹងខំប្រឹងយាម

ដោយឥតបានផលអ្វីឡើយ!

2 អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម

ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក

រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ

ដ្បិតព្រះ‌អម្ចាស់ប្រទានអាហារដល់អស់អ្នក

ដែលព្រះ‌អង្គស្រឡាញ់

ក្នុងពេលដែលគេកំពុងតែដេកលក់។

3 កូនចៅជាកេរ‌មត៌កដែលព្រះ‌អម្ចាស់ប្រទានឲ្យ

និងជាព្រះ‌ពរមកពីព្រះ‌អង្គ។

4 កូនប្រុសៗដែលកើតមកក្នុងពេល

ដែលឪពុកនៅក្មេងនៅឡើយ

ប្រៀបបាននឹងព្រួញរបស់អ្នកចំបាំងដូច្នោះដែរ។

5 អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ

ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ

ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចា‌មិត្ត

នៅមាត់ទ្វារក្រុង

គេនឹងមិនត្រូវខ្មាសសោះឡើយ។