ទំនុក‌តម្កើង 130

ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះ‌អង្គ

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។

1 ឱព្រះ‌អម្ចាស់អើយ

ពីក្នុងរណ្ដៅដ៏ជ្រៅ

ទូលបង្គំស្រែកអង្វរព្រះ‌អង្គ

2 ព្រះ‌អម្ចាស់អើយ

សូមទ្រង់ព្រះ‌សណ្ដាប់ទូលបង្គំផង!

សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យ

ដែលទូលបង្គំទទូចអង្វរ!

3 ឱព្រះ‌អម្ចាស់អើយ

ប្រសិនបើព្រះ‌អង្គចងចាំកំហុស

របស់យើងខ្ញុំទុកនោះ

គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។

4 ក៏ប៉ុន្តែ ព្រះ‌អង្គតែងតែអត់‌ទោសឲ្យយើងខ្ញុំជា‌និច្ច

ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចព្រះ‌អង្គ។

5 ខ្ញុំទុកចិត្តលើព្រះ‌អម្ចាស់

ផ្ញើជីវិតលើព្រះ‌អង្គទាំងស្រុង

ហើយខ្ញុំសង្ឃឹមលើព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។

6 ខ្ញុំទន្ទឹងរង់‌ចាំព្រះ‌អម្ចាស់

ជាងអ្នកយាមរង់‌ចាំពេលព្រឹកទៅទៀត

ពិតមែនហើយ ខ្ញុំរង់‌ចាំព្រះ‌អង្គជាងអ្នកយាម

រង់‌ចាំពេលព្រឹកទៅទៀត។

7 អ៊ីស្រា‌អែលអើយ ចូរទុកចិត្តលើព្រះ‌អម្ចាស់

ដ្បិតព្រះ‌អង្គប្រកបដោយ

ព្រះ‌ហឫទ័យមេត្តាករុណា

ហើយព្រះ‌អង្គសព្វព្រះ‌ហឫទ័យរំដោះអ្នកជា‌និច្ច!

8 ព្រះ‌អង្គនឹងរំដោះអ៊ីស្រា‌អែល

ឲ្យរួចពីកំហុសទាំងប៉ុន្មាន

ដែលគេបានប្រព្រឹត្ត។