ទំនុក‌តម្កើង 131

ទូលបង្គំមានចិត្តស្ងប់

បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

ទូលបង្គំគ្មានចិត្តអំនួត

ឬវាយ‌ឫកខ្ពស់ទេ

ទូលបង្គំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ

ហួសពីសមត្ថ‌ភាពរបស់ទូលបង្គំឡើយ។

2 ផ្ទុយទៅវិញ ទូលបង្គំសុខចិត្តនៅស្ងៀមស្ងាត់

ទូលបង្គំមានចិត្តស្ងប់

ដូចកូនក្មេងនៅជាប់នឹងទ្រូងម្ដាយ

គឺទូលបង្គំបានស្កប់ចិត្តដូចកូនក្មេងស្កប់ចិត្ត

នៅជិតម្ដាយយ៉ាងនោះដែរ។

3 អ៊ីស្រា‌អែលអើយ ចូរទុកចិត្តលើព្រះ‌អម្ចាស់

តាំងពីពេលនេះរហូតដល់អស់‌កល្បជា‌និច្ច!