ពេលបងប្អូននៅរស់ជុំគ្នា
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
1 ការដែលបងប្អូននៅ
រួមរស់ជាមួយគ្នា
គឺជាការល្អប្រពៃ និងសប្បាយក្រៃលែង។
2 គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ
ហូរនៅលើក្បាល
ចុះមកលើពុកចង្ការបស់លោកអើរ៉ុន
រួចស្រក់ទៅលើជាយអាវរបស់លោក
3 ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់
ពីភ្នំហ៊ើរម៉ូន មកលើភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះអម្ចាស់ប្រទានព្រះពរ
និងប្រទានជីវិតអស់កល្បជានិច្ច។