ហេប្រឺ 1

សេចក្ដីផ្ដើម

1 នៅជំនាន់ដើម ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់បុព្វបុរស*យើងជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាការី*។

2 គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះ‌អង្គមានព្រះ‌បន្ទូលមកយើងតាមរយៈព្រះ‌បុត្រា។ ព្រះ‌អង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះ‌បុត្រាគ្រប់‌គ្រងជាមត៌ក ព្រះ‌អង្គក៏បានបង្កើតពិភពទាំងមូលដោយ‌សារព្រះ‌បុត្រាដែរ។

3 ព្រះ‌បុត្រានេះជារស្មីនៃសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ និងមានលក្ខណៈដូចព្រះ‌អង្គបេះបិទ។ ព្រះ‌បុត្រាទ្រ‌ទ្រង់អ្វីៗទាំងអស់ ដោយ‌សារព្រះ‌បន្ទូលប្រកបដោយឫទ្ធា‌នុភាព។ លុះព្រះ‌អង្គប្រោសមនុស្សឲ្យបានបរិសុទ្ធ*ផុតពីបាប*រួចហើយ ទ្រង់ក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដម នាស្ថានដ៏ខ្ពង់‌ខ្ពស់បំផុត។

4 ព្រះ‌បុត្រាបានទទួលព្រះ‌នាម ប្រសើរលើសពួកទេវតា*យ៉ាងណា ទ្រង់ក៏ទទួលឋានៈប្រសើរជាងពួកទេវតាយ៉ាងនោះដែរ។

ព្រះ‌យេស៊ូគ្រិស្ដមានឋានៈធំជាងពួកទេវតា

5 ព្រះ‌ជាម្ចាស់ពុំដែលមានព្រះ‌បន្ទូលទៅកាន់ទេវតាណាថា៖

«ព្រះ‌អង្គជាបុត្ររបស់យើង

គឺយើងហ្នឹងហើយដែលបានទទួលព្រះ‌អង្គ

ធ្វើជាបុត្រនៅថ្ងៃនេះ»

ឬមានព្រះ‌បន្ទូលថា៖

«យើងនឹងធ្វើជាបិតារបស់ព្រះ‌អង្គ

ហើយព្រះ‌អង្គនឹងទៅជាបុត្រារបស់យើង»

សោះឡើយ។

6 មួយវិញទៀត នៅពេលព្រះ‌ជាម្ចាស់ចាត់បុត្រច្បងឲ្យមកផែន‌ដីនេះ ទ្រង់មានព្រះ‌បន្ទូលថា៖

«ទេវតា*ទាំងអស់របស់ព្រះ‌ជាម្ចាស់

ត្រូវក្រាបថ្វាយ‌បង្គំព្រះ‌បុត្រា»។

7 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលអំពីពួកទេវតាថា៖

«ព្រះ‌អង្គបានយកពួកទេវតាធ្វើជាខ្យល់

និងយកពួកអ្នកបម្រើរបស់ព្រះ‌អង្គ

ធ្វើជាអណ្ដាតភ្លើង»។

8 ចំពោះព្រះ‌បុត្រាវិញ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖

«បពិត្រព្រះ‌ជាម្ចាស់ បល្ល័ង្ករបស់ព្រះ‌អង្គ

នៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ច

ហើយព្រះ‌អង្គគ្រងរាជ្យដោយយុត្តិធម៌។

9 ព្រះ‌អង្គសព្វព្រះ‌ហឫទ័យតែនឹងសេចក្ដីសុចរិត

ទ្រង់មិនសព្វព្រះ‌ហឫទ័យនឹងអំពើទុច្ចរិតទេ។

ហេតុនេះ ព្រះ‌ជាម្ចាស់ជាព្រះរបស់ព្រះ‌អង្គ

បានចាក់ប្រេងអភិសេកព្រះ‌អង្គ

ឲ្យមានអំណរសប្បាយដ៏លើស‌លប់

គឺឲ្យព្រះ‌អង្គបានប្រសើរជាង

មិត្ត‌ភក្ដិរបស់ព្រះ‌អង្គ»។

10 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលទៀតថា៖

បពិត្រព្រះ‌អម្ចាស់! ព្រះ‌អង្គបានបង្កើតផែន‌ដី

តាំងពីដើមដំបូងមកម៉្លេះ

ហើយផ្ទៃមេឃក៏ជាស្នាព្រះ‌ហស្ដរបស់

ព្រះ‌អង្គដែរ។

11 ផែន‌ដី និងផ្ទៃមេឃមុខជារលាយបាត់ទៅ

តែព្រះ‌អង្គនៅស្ថិត‌ស្ថេររហូត។

ផែន‌ដី និងផ្ទៃមេឃមុខជាចាស់ទៅ

ដូចសម្លៀក‌បំពាក់

12 ព្រះ‌អង្គនឹងបត់ទាំងផែន‌ដី ទាំងផ្ទៃមេឃទុក

ដូចគេបត់អាវធំ

ផែន‌ដី និងផ្ទៃមេឃនឹងរេច‌រឹលទៅ

ដូចសម្លៀក‌បំពាក់

ចំពោះព្រះ‌អង្គវិញ ទ្រង់មិនប្រែ‌ប្រួលឡើយ

ហើយព្រះ‌ជន្មាយុរបស់ព្រះ‌អង្គ

ក៏មិនចេះអស់ដែរ។

13 មួយវិញទៀត ព្រះ‌ជាម្ចាស់ក៏មិនដែលមានព្រះ‌បន្ទូលទៅកាន់ទេវតាណាថា៖

«សូមគង់នៅខាងស្ដាំយើង

ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះ‌អង្គ

មកដាក់ក្រោមព្រះ‌បាទារបស់ព្រះ‌អង្គ»។

14 ទេវតាទាំងនោះសុទ្ធតែជាវិញ្ញាណដែលនៅបម្រើព្រះ‌ជាម្ចាស់ ព្រះ‌អង្គចាត់ពួកលោកឲ្យមកបំពេញមុខ‌ងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!

—https://d1b84921e69nmq.cloudfront.net/364/32k/HEB/1-f7014f26da8cba155b671e225d4b2747.mp3?version_id=85—