ទំនុក‌តម្កើង 140

ពាក្យអធិស្ឋានរបស់អ្នកដែលត្រូវគេមួលបង្កាច់

ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សអាក្រក់

សូមការពារទូលបង្គំឲ្យផុត

ពីមនុស្សឃោរ‌ឃៅ។

2 អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់

ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ!

3 អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត

មាត់របស់គេពោរ‌ពេញទៅដោយពិស

ដូចពស់វែក។

– សម្រាក

4 ឱព្រះ‌អម្ចាស់អើយ សូមការពារទូលបង្គំ

កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ

របស់មនុស្សអាក្រក់!

សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្ស

ឃោរ‌ឃៅដែលឃុប‌ឃិតគ្នា

ចង់ផ្តួលរំលំទូលបង្គំ!

5 មនុស្សអួត‌អាងនាំគ្នាដាក់ចម្រូង

និងបង្កប់ខ្សែចាំទាក់ទូលបង្គំ

ពួកគេរាយអន្ទាក់នៅតាមផ្លូវ

ហើយជីករណ្ដៅចាំចាប់ទូលបង្គំ។

– សម្រាក

6 ខ្ញុំទូលព្រះ‌អម្ចាស់ថា: ព្រះ‌អង្គជាព្រះនៃទូលបង្គំ!

ព្រះ‌អម្ចាស់អើយ សូមផ្ទៀងព្រះ‌កាណ៌

ស្ដាប់ទូលបង្គំទទូចអង្វរព្រះ‌អង្គ!

7 ព្រះ‌ជា‌អម្ចាស់អើយ

ព្រះ‌អង្គសង្គ្រោះដោយព្រះ‌ចេស្ដារបស់ព្រះ‌អង្គ

នៅពេលធ្វើសឹកសង្គ្រាម

ព្រះ‌អង្គការពារទូលបង្គំ។

8 ឱព្រះ‌អម្ចាស់អើយ

សូមកុំឲ្យចិត្តប៉ង‌ប្រាថ្នារបស់មនុស្ស

អាក្រក់បានសម្រេចឡើយ

ហើយកុំបណ្ដោយឲ្យផែន‌ការ

របស់គេបានជោគជ័យឲ្យសោះ។

– សម្រាក

9 សូមកុំឲ្យអស់អ្នកដែលឡោម‌ព័ទ្ធទូលបង្គំ

មានជ័យ‌ជំនះ

តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាទូលបង្គំ

បានធ្លាក់ទៅលើពួកគេវិញ!

10 សូមឲ្យមានរងើកភ្លើងដ៏ឆ្អិន‌ឆ្អៅ

ស្រោចទៅលើពួកគេ

ហើយសូមច្រានពួកគេទម្លាក់ទៅក្នុងឡភ្លើង

ដែលគេពុំអាចឡើងមកវិញបានឡើយ។

11 សូមកុំឲ្យអ្នកមួលបង្កាច់គេ

អាចនៅស្ថិត‌ស្ថេរលើផែនដីបាន

សូមឲ្យទុក្ខវេទនាតាមយាយីមនុស្សឃោរ‌ឃៅ

ឥតឈប់ឈរឡើយ។

12 ខ្ញុំដឹងថាព្រះ‌អម្ចាស់រកយុត្តិធម៌ឲ្យមនុស្ស

កំសត់ទុគ៌ត ព្រះ‌អង្គការពារមនុស្សក្រីក្រ។

13 ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក

តម្កើងព្រះ‌នាមរបស់ព្រះ‌អង្គ

ហើយមនុស្សសុចរិតនឹងឃើញព្រះ‌ភ័ក្ត្រព្រះ‌អង្គ។