ទំនុក‌តម្កើង 143

សូមកុំប្រកាន់ទោសទូលបង្គំឡើយ

ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។

1 ឱព្រះ‌អម្ចាស់អើយ

សូមទ្រង់ព្រះ‌សណ្ដាប់ពាក្យ

អធិស្ឋានរបស់ទូលបង្គំផង

សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យ

ទទូចអង្វររបស់ទូលបង្គំ!

សូមឆ្លើយតបមកទូលបង្គំដោយព្រះ‌ហឫទ័យ

សុចរិតដ៏ស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ។

2 សូមកុំយកទូលបង្គំ

ដែលជាអ្នកបម្រើរបស់ព្រះ‌អង្គទៅកាត់ក្ដីឡើយ

ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ

ព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គទេ។

3 ខ្មាំងសត្រូវតាមយាយីទូលបង្គំ

គេជាន់ឈ្លីជីវិតទូលបង្គំ

គេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹត

ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។

4 ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។

5 ទូលបង្គំនឹកទៅដល់ជំនាន់ដើម

ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន

ដែលព្រះ‌អង្គបានធ្វើ

ទូលបង្គំពិចារណាអំពីស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ។

6 ទូលបង្គំលើកដៃអង្វរព្រះ‌អង្គ

ទូលបង្គំនៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ

ប្រៀបដូចជាដីហួត‌ហែង។

– សម្រាក

7 ឱព្រះ‌អម្ចាស់អើយ

សូមឆ្លើយតបមកទូលបង្គំជាប្រញាប់

ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ!

សូមកុំលាក់ព្រះ‌ភ័ក្ត្រនឹងទូលបង្គំឡើយ

ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។

8 សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះ‌ហឫទ័យ

មេត្តា‌ករុណារបស់ព្រះ‌អង្គតាំងពីព្រលឹម

ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះ‌អង្គហើយ។

សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវ

ដែលទូលបង្គំត្រូវដើរ

ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះ‌អង្គ។

9 ឱព្រះ‌អម្ចាស់អើយ

សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវ

ទូលបង្គំមកជ្រកកោននៅក្បែរព្រះ‌អង្គ។

10 សូមបង្រៀនទូលបង្គំឲ្យធ្វើតាមព្រះ‌ហឫទ័យ

របស់ព្រះ‌អង្គ ដ្បិតព្រះ‌អង្គជាព្រះនៃទូលបង្គំ

សូមព្រះ‌វិញ្ញាណដ៏សប្បុរសរបស់ព្រះ‌អង្គដឹកនាំ

ទូលបង្គំឲ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។

11 ឱព្រះ‌អម្ចាស់អើយ

សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ

ដោយយល់ដល់ព្រះ‌នាមរបស់ព្រះ‌អង្គ។

សូមនាំទូលបង្គំចេញពីភាពអាសន្ន

ដោយព្រះ‌ហឫទ័យដ៏សុចរិតរបស់ព្រះ‌អង្គ!

12 ដោយព្រះ‌អង្គមានព្រះ‌ហឫទ័យមេត្តា

ករុណាចំពោះទូលបង្គំ

សូមកម្ទេចខ្មាំងសត្រូវ និងបច្ចា‌មិត្ត

ទាំងប៉ុន្មានរបស់ទូលបង្គំ

ឲ្យវិនាសសូន្យទៅ

ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះ‌អង្គ។