ហេប្រឺ 2

ការសង្គ្រោះដ៏ថ្លៃវិសេស

1 ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀន‌ប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។

2 ប្រសិនបើព្រះ‌បន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ

3 ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបាន បើយើងធ្វេស‌ប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះ‌អម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។

4 ព្រះ‌ជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសម្តែងទីសម្គាល់ ឫទ្ធិបាដិ‌ហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះ‌អំណោយទានរបស់ព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ*មក ស្របតាមព្រះ‌ហឫទ័យព្រះ‌អង្គផង។

5 ព្រះ‌ជាម្ចាស់ពុំបានប្រគល់ឲ្យពួកទេវតា*ត្រួត‌ត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។

6 ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖

«តើមនុស្សមានឋានៈអ្វីបានជាព្រះ‌អង្គនឹក

ដល់គេដូច្នេះ

តើបុត្រមនុស្សជាអ្វីដែរបានជាព្រះ‌អង្គយក

ព្រះ‌ហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»?

7 «ព្រះ‌អង្គបានធ្វើឲ្យគេមានឋានៈទាបជាង

ទេវតាតែមួយរយៈប៉ុណ្ណោះ

ព្រះ‌អង្គប្រទានសិរី‌រុងរឿង និងកិត្តិយសដល់គេ

ទុកជាមកុដរាជ្យ

8 ព្រះ‌អង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យ

នៅក្រោមជើងរបស់គេ»។

ព្រះ‌ជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារ‌ពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ

9 តែយើងឃើញថា ព្រះ‌យេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះទ្រង់បានរង‌ទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះ‌អង្គទទួលសិរី‌រុងរឿង និងព្រះ‌កិត្តិនាមទុកជាមកុដរាជ្យ។ ដោយ‌សារព្រះ‌គុណរបស់ព្រះ‌ជាម្ចាស់ ព្រះ‌គ្រិស្ដបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប។

10 អ្វីៗទាំងអស់មានជីវិតដោយ‌សារព្រះ‌ជាម្ចាស់ និងសម្រាប់ព្រះ‌អង្គ ទ្រង់សព្វព្រះ‌ហឫទ័យនឹងនាំបុត្រ‌ធីតាជាច្រើនឲ្យទទួលសិរី‌រុងរឿង ដូច្នេះ គួរគប្បីព្រះ‌អង្គប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណៈ ដោយរង‌ទុក្ខលំបាក។

11 ព្រះ‌យេស៊ូដែលប្រោសមនុស្សឲ្យបានវិសុទ្ធ* និងមនុស្សដែលព្រះ‌អង្គប្រោសឲ្យបានវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះ‌យេស៊ូ មិនខ្មាសនឹងហៅគេថាជាបង‌ប្អូនរបស់ព្រះ‌អង្គឡើយ

12 គឺព្រះ‌អង្គមានព្រះ‌បន្ទូលថា៖

«ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះ‌នាម

របស់ព្រះ‌អង្គឲ្យបង‌ប្អូនទូលបង្គំស្គាល់

ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះ‌អង្គ

នៅក្នុងអង្គប្រជុំ»។

13 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៀតថា៖

«ទូលបង្គំទុកចិត្តលើព្រះ‌អង្គ»

ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ

ដែលព្រះ‌ជាម្ចាស់ប្រទានឲ្យខ្ញុំ»។

14 ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះ‌អង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះ‌អង្គសោយទិវង្គត ដើម្បីកម្ទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់

15 និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។

16 ព្រះ‌យេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា*ទេ គឺព្រះ‌អង្គមកជួយពូជ‌ពង្សរបស់លោកអប្រាហាំវិញ។

17 ហេតុនេះហើយបានជាព្រះ‌អង្គត្រូវតែមានលក្ខណៈដូចបង‌ប្អូនរបស់ព្រះ‌អង្គគ្រប់ចំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជា‌ចារ្យ* ដែលមានចិត្តមេត្តា‌ករុណា មានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះ‌ជាម្ចាស់ និងដើម្បីរំដោះប្រជា‌ជនឲ្យរួចផុតពីបាប*ផង។

18 ដោយព្រះ‌អង្គផ្ទាល់បានរង‌ទុក្ខលំបាក នៅពេលជួបការល្បង‌ល ព្រះ‌អង្គក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បង‌លបានដែរ។

—https://d1b84921e69nmq.cloudfront.net/364/32k/HEB/2-b464a3add4d412216eea79d4601a3c15.mp3?version_id=85—