ទំនុក‌តម្កើង 149

កិត្តិយសដ៏រុងរឿងរបស់ប្រជា‌ជនដែលស្មោះត្រង់នឹងព្រះ‌អង្គ

1 ហាលេ‌លូយ៉ា!

ចូរច្រៀងបទថ្មីថ្វាយព្រះ‌អម្ចាស់!

ចូរច្រៀងសរសើរព្រះ‌អង្គ

នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះ‌អង្គ!

2 ចូរឲ្យជន‌ជាតិអ៊ីស្រា‌អែល

រីក‌រាយនឹងព្រះ‌អង្គដែលបានបង្កើតគេមក

សូមឲ្យប្រជា‌ជនក្រុងស៊ីយ៉ូន

មានអំណរសប្បាយនឹងព្រះ‌មហា‌ក្សត្ររបស់ខ្លួន!

3 ចូរនាំគ្នារាំសរសើរតម្កើងព្រះ‌អង្គ

ចូរនាំគ្នាស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អង្គ

ដោយវាយក្រាប់ និងដេញពិណ!

4 ដ្បិតព្រះ‌អម្ចាស់គាប់ព្រះ‌ហឫទ័យ

នឹងប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ

ព្រះ‌អង្គលើកកិត្តិយសមនុស្សទន់‌ទាប

ដោយសង្គ្រោះពួកគេ

5 ចូរឲ្យអស់អ្នកដែលជឿលើព្រះ‌អង្គ

នាំគ្នាអរសប្បាយដ៏លើស‌លប់

ដោយលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់

សូម្បីតែនៅពេលយប់

ក៏គេស្រែកតម្កើងព្រះ‌អង្គដោយអំណរដែរ!

6 សូមឲ្យគេសរសើរតម្កើងព្រះ‌អង្គ

មិនដាច់ពីមាត់

ហើយឲ្យគេកាន់ដាវមុខពីរ

នៅជាប់នឹងដៃជា‌និច្ច

7 ដើម្បីសង‌សឹកប្រជា‌ជាតិនានា

និងដាក់ទោសជាតិសាសន៍ទាំង‌ឡាយ

8 ហើយយកច្រវាក់ចងស្ដេច

និងដាក់ខ្នោះមេដឹកនាំរបស់ពួកគេ។

9 ការដាក់ទោសសាសន៍ទាំងនោះ

ស្របតាមការសម្រេចរបស់ព្រះ‌ជាម្ចាស់នេះហើយ

ដែលជាកិត្តិយសដ៏រុងរឿងរបស់អស់អ្នក

ស្មោះត្រង់នឹងព្រះ‌អង្គ!

ហាលេ‌លូយ៉ា!