សុភាសិត 20

1 សុរារមែងធ្វើឲ្យមនុស្សក្អេង‌ក្អាង ហើយគ្រឿងស្រវឹងតែងតែធ្វើឲ្យមនុស្សឡូ‌ឡា។ មនុស្សប្រមឹកមិនអាចធ្វើជាអ្នកប្រាជ្ញបានឡើយ។

2 កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើឲ្យស្ដេចខ្ញាល់ រមែងនាំឲ្យខ្លួនមានទោស។

3 អ្នកណាដកខ្លួនចេញឆ្ងាយពីជំលោះ អ្នកនោះតែងតែទទួលកិត្តិយស រីឯមនុស្សល្ងី‌ល្ងើជាអ្នកពូកែឈ្លោះ។

4 នៅរដូវវស្សា មនុស្សកំជិលមិនភ្ជួរមិនរាស់ទេ លុះដល់រដូវចម្រូត គេរកអ្វីច្រូតពុំបានឡើយ។

5 គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាស‌វៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។

6 មនុស្សជាច្រើនអះ‌អាងថាខ្លួនសប្បុរស តែមនុស្សគួរឲ្យទុកចិត្តពិបាករកណាស់។

7 មនុស្សសុចរិតតែងតែរស់នៅ ដោយទៀងត្រង់ ហើយកូនរបស់គាត់រមែងទទួលសុភមង្គល។

8 កាលណាស្ដេចប្រកបដោយយុត្តិធម៌គង់លើរាជ្យ‌បល្ល័ង្ក ទ្រង់ពិចារណាឃើញអំពើអាក្រក់ភ្លាម។

9 តើអ្នកណាអាចពោលថា «ខ្ញុំមានចិត្តបរិសុទ្ធ ខ្ញុំគ្មានបាបទាល់តែសោះ»?

10 បំបាត់ភ្នែកជញ្ជីង ឬវាល់មិនគ្រប់ សុទ្ធតែជាអំពើដែលព្រះ‌អម្ចាស់មិនសព្វព្រះ‌ហឫទ័យ។

11 សូម្បីតែកូនក្មេងក៏អាចបង្ហាញឲ្យគេឃើញនូវកិរិយាល្អត្រឹមត្រូវរបស់វា តាមអំពើដែលវាប្រព្រឹត្តដែរ។

12 ត្រចៀកសម្រាប់ស្ដាប់ និងភ្នែកសម្រាប់មើល សុទ្ធតែព្រះ‌អម្ចាស់បង្កើតមកដូចគ្នា។

13 បើអ្នកគិតតែពីដេក អ្នកមុខជាធ្លាក់ខ្លួនក្រ បើអ្នកចង់មានអាហារគ្រប់‌គ្រាន់ ចូរក្រោកឡើងពីព្រលឹម។

14 អ្នកទិញតែងពោលថា «របស់នេះមិនល្អទេ! របស់នេះមិនល្អទេ!» លុះចេញផុតទៅ គាត់សរសើរខ្លួនឯង។

15 មាសក៏សម្បូណ៌ ពេជ្រក៏សម្បូណ៌ ប៉ុន្តែ ពាក្យសម្ដីប្រកបដោយប្រាជ្ញាមានតម្លៃលើសអ្វីៗទាំងអស់។

16 បើមានគេមកធានាសងបំណុលជំនួសនរណាម្នាក់ ចូរទារយកអាវធំរបស់គេទុកជារបស់បញ្ចាំ ព្រោះគេបានធានាមនុស្សដែលអ្នកមិនស្គាល់។

17 អាហារដែលបានមកពីការបញ្ឆោតឆ្ងាញ់តែមុនដំបូងទេ ក្រោយមក អាហារនោះក្លាយទៅជាដុំគ្រួសក្នុងមាត់វិញ។

18 យោបល់ល្អរមែងធ្វើឲ្យគម្រោង‌ការបានសម្រេច មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ជាមុន។

19 អ្នកនិយាយដើមគេរមែងបើកកកាយការសម្ងាត់ កុំសេព‌គប់ជាមួយអ្នកដែលនិយាយច្រើនពេក។

20 អ្នកណាប្រទេច‌ផ្ដាសាឪពុកម្ដាយ ជីវិតរបស់អ្នកនោះនឹងរលត់ ដូចចង្កៀងនៅក្នុងទីងងឹត។

21 អ្នកណាប្រមូលទ្រព្យសម្បត្តិបានរហ័សពេក ទៅថ្ងៃក្រោយ អ្នកនោះមិនបានទទួលព្រះ‌ពរឡើយ។

22 កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើព្រះ‌អម្ចាស់នោះព្រះ‌អង្គនឹងសង្គ្រោះអ្នក។

23 ព្រះ‌អម្ចាស់មិនសព្វព្រះ‌ហឫទ័យនឹងកូនជញ្ជីងមិនត្រឹមត្រូវទេ ហើយការបំបាត់ភ្នែកជញ្ជីងក៏ព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យដែរ។

24 ព្រះ‌អម្ចាស់តែងតែដឹកនាំដំណើរជីវិតរបស់មនុស្ស ប៉ុន្តែ មនុស្សពុំអាចស្គាល់ទិស‌ដៅនៃជីវិតរបស់ខ្លួនបានទេ។

25 ចូររិះគិតឲ្យបានដិត‌ដល់ មុននឹងសន្យាថ្វាយអ្វីមួយទៅព្រះ‌ជាម្ចាស់ ដើម្បីកុំឲ្យស្ដាយក្រោយ។

26 ស្ដេចមានប្រាជ្ញាតែងតែកំចាត់មនុស្សអាក្រក់ ហើយដាក់ទោសពួកគេឥតប្រណី។

27 វិញ្ញាណរបស់មនុស្សជាចង្កៀង ដែលមកពីព្រះ‌អម្ចាស់ចង្កៀងនោះបំភ្លឺរហូតដល់ជម្រៅចិត្តរបស់គេ។

28 សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ រមែងជួយការ‌ពារស្ដេច ហើយទ្រង់ពង្រឹងរាជសម្បត្តិបានដោយ‌សារយុត្តិធម៌។

29 កម្លាំងជាអំនួតរបស់យុវជន រីឯសក់ស្កូវជាកិត្តិយសរបស់មនុស្សចាស់។

30 របួសដ៏ឈឺចាប់ជាឱសថបំបាត់ភាពអាក្រក់ ហើយការវាយ‌ដំអាចធ្វើឲ្យមានការកែ‌ប្រែ រហូតដល់ជម្រៅចិត្ត។