សុភាសិត 24

1 កុំច្រណែននឹងមនុស្សអាក្រក់ ហើយកុំសេព‌គប់ជាមួយពួកគេឡើយ។

2 ពួកគេគិតតែប្រព្រឹត្តអំពើឃោរ‌ឃៅ ហើយពោលពាក្យប្រទូស្ត‌រាយ។

3 ដោយ‌សារប្រាជ្ញា គេសង់ផ្ទះបាន ដោយ‌សារការឈ្លាសវៃ គេធ្វើឲ្យផ្ទះនោះរឹង‌មាំ

4 ហើយដោយ‌សារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។

5 អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ។

6 មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននាំឲ្យមានជោគជ័យ។

7 មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ ពេលណាមានរឿងសំខាន់ដែលត្រូវពិភាក្សា អ្នកនោះពុំអាចហាមាត់និយាយបានឡើយ។

8 អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់ អ្នកនោះមានឈ្មោះថាជាមនុស្សទុយ៌ស។

9 មនុស្សល្ងង់ខ្លៅគិតតែពីធ្វើអំពើបាប រីឯមនុស្សចំអកឡក‌ឡឺយតែងតែធ្វើឲ្យគេស្អប់គ្រប់គ្នា។

10 បើអ្នកបាត់បង់សេចក្ដីក្លាហានក្នុងពេលមានអាសន្ន បានសេចក្ដីថា កម្លាំងរបស់អ្នកទន់ខ្សោយណាស់។

11 ចូរជួយសង្គ្រោះអស់អ្នកដែលគេកាត់ទោសប្រហារជីវិត ហើយខំប្រឹងរំដោះអស់អ្នកដែលគេនាំទៅសម្លាប់។

12 បើអ្នកពោលថា «ខ្ញុំមិនបានដឹងទេ!» តោងដឹងថា ព្រះ‌ជាម្ចាស់ដែលស្គាល់ចិត្តមនុស្ស ទ្រង់ជ្រាបទាំងអស់។ ព្រះ‌អង្គពិនិត្យមើលអ្នក ទ្រង់ឈ្វេងយល់ចិត្តអ្នក ហើយព្រះ‌អង្គតបស្នងដល់ម្នាក់ៗ តាមអំពើដែលខ្លួនប្រព្រឹត្ត។

13 កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតទឹកឃ្មុំមានរស‌ជាតិឆ្ងាញ់ ហើយផ្អែមជាប់មាត់។

14 រីឯប្រាជ្ញាក៏ដូច្នោះដែរ ចូរកូនចងចាំថា បើកូនរកបានប្រាជ្ញា កូននឹងមានអនាគតភ្លឺស្វាង ហើយមិនអស់សង្ឃឹមឡើយ។

15 កុំធ្វើដូចមនុស្សអាក្រក់ ដែលយកអន្ទាក់ទៅដាក់នៅមុខផ្ទះរបស់មនុស្សសុចរិតឡើយ ហើយក៏កុំបំផ្លិច‌បំផ្លាញទីលំ‌នៅរបស់គេដែរ

16 ដ្បិតបើមនុស្សសុចរិតដួលប្រាំ‌ពីរដង គេអាចក្រោកឡើងបានជា‌និច្ច រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្ត‌រាយរហូត។

17 ពេលឃើញខ្មាំងសត្រូវរបស់អ្នកបរា‌ជ័យ កុំត្រេកអរឡើយ ហើយបើឃើញគេជំពប់ដួលក៏មិនត្រូវសប្បាយរីក‌រាយដែរ

18 ក្រែងលោព្រះ‌អម្ចាស់ទតឃើញ ទ្រង់មិនសព្វព្រះ‌ហឫទ័យ ហើយទ្រង់លែងធ្វើទោសគេ។

19 កុំក្ដៅចិត្តនឹងមនុស្សប្រព្រឹត្តអំពើអាក្រក់ ហើយក៏កុំច្រណែននឹងមនុស្សអាក្រក់ឲ្យសោះ។

20 មនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។

21 កូនអើយ ចូរគោរពព្រះ‌អម្ចាស់និងគោរពស្ដេច។ កុំចូលដៃនឹងអ្នកបះ‌បោរឡើយ

22 ដ្បិតពួកគេនឹងត្រូវវិនាសយ៉ាងទាន់‌ហន់ ហើយគ្មាននរណាដឹងថា តើព្រះ‌អម្ចាស់ឬស្ដេច ដាក់ទោសពួកគេយ៉ាងណាទេ។

ដំបូន្មានផ្សេងៗរបស់អ្នកប្រាជ្ញ

23 អ្នកប្រាជ្ញពោលទៀតថា: ពេលកាត់ក្ដីមិនត្រូវរើសមុខអ្នកណាឡើយ។

24 បើចៅ‌ក្រមនិយាយទៅកាន់ឧក្រិដ្ឋ‌ជនថា “អ្នកគ្មានទោសទេ!” ប្រជា‌ជននឹងដាក់បណ្ដាសាចៅ‌ក្រមនោះ ហើយប្រជា‌ជាតិនានាក៏ស្អប់ចៅ‌ក្រមនោះដែរ។

25 ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋមុខជាបានសុខ ព្រមទាំងទទួលពរ និងសុភមង្គល។

26 ចម្លើយស្មោះត្រង់ជាភស្ដុតាងនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។

27 ចូរបំពេញកិច្ចការខាងក្រៅផ្ទះ និងបង្ហើយការ‌ងារនៅឯស្រែចម្ការសិន រួចសឹមសង់ផ្ទះ។

28 កុំចោទប្រកាន់អ្នកដទៃដោយគ្មានហេតុផល ហើយក៏កុំនិយាយកុហក បោកបញ្ឆោតគេដែរ។

29 កុំពោលថា «គេប្រព្រឹត្តចំពោះខ្ញុំបែបណា ខ្ញុំនឹងប្រព្រឹត្តចំពោះគេវិញបែបនោះដែរ ខ្ញុំនឹងតបស្នងដល់គេម្នាក់ៗ តាមអំពើដែលពួកគេបានប្រព្រឹត្ត»។

មនុស្សកំជិល

30 ខ្ញុំបានដើរជិតចម្ការរបស់មនុស្សកំជិលម្នាក់ ហើយខ្ញុំក៏បានដើរជិតចម្ការទំពាំង‌បាយជូររបស់មនុស្សឥតគំនិតម្នាក់ដែរ។

31 មានបន្លា និងស្មៅដុះពាស‌ពេញ រីឯរបងក៏រលំដួលអស់។

32 ខ្ញុំពិចារណាមើលអ្វីៗដែលខ្ញុំបានឃើញ ហើយដកស្រង់បានមេរៀនដូចតទៅ:

33 អ្នកចង់ដេកថែមបន្តិច ចង់ដំអក់បន្តិច និងដេកឱបដៃបន្តិច។

34 ធ្វើដូច្នេះ អ្នកនឹងខ្វះខាត ធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន ដូចមានចោរចូលលួចប្លន់។