បទចម្រៀង 3

1 ពេលយប់នៅលើគ្រែ

ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ

ខ្ញុំស្វែងរកគាត់ តែរកពុំឃើញទេ។

2 ខ្ញុំក៏ក្រោកឡើង ដើរពាស‌ពេញទីក្រុង

ដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ

នៅតាមផ្លូវ នៅតាមផ្សារ

ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។

3 ខ្ញុំបានជួបនឹងពួកអ្នកយាម‌ល្បាតទីក្រុង

ខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញ

ម្ចាស់ចិត្តរបស់ខ្ញុំទេ?»

4 ខ្ញុំដើរហួសពួកអ្នកយាម‌ល្បាតបន្តិចទៅ

ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។

ខ្ញុំឱបគាត់ជាប់ ឥតដកដៃឡើយ

ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្ដាយខ្ញុំ

ចូលទៅក្នុងបន្ទប់របស់ម្ដាយ

ដែលបានបង្កើតខ្ញុំមក។

5 ស្រីក្រមុំនៅក្រុងយេរូ‌សាឡឹមអើយ

ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់

និងសត្វប្រើស ធ្វើជាសាក្សីថា

មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប

កុំដាស់សេចក្ដីស្រឡាញ់ឡើយ។

6 តើនរណាឡើងពីវាលរហោ‌ស្ថាន

ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ

គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?

7 នេះជាគ្រែស្នែងរបស់ព្រះ‌បាទសាឡូម៉ូន

ដែលហែ‌ហមដោយទាហានដ៏អង់‌អាច

ចំនួនហុក‌សិបនាក់

គឺជាទាហានដ៏អង់‌អាចជាងគេ

នៃកង‌ទ័ពអ៊ីស្រា‌អែល។

8 អ្នកទាំងនោះប្រដាប់អាវុធ

រៀបចំខ្លួនធ្វើសឹកសង្គ្រាម។

ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង

ភាពអាសន្ន នៅពេលយប់។

9 ព្រះ‌បាទសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ

ពីឈើស្រុកលីបង់។

10 ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស

រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។

ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់

ជាស្នា‌ដៃរបស់ស្ត្រីៗក្រុងយេរូ‌សាឡឹម

ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។

11 ស្ត្រីនៅក្រុងស៊ីយ៉ូនអើយ

ចូរនាំគ្នាចេញមកមើលព្រះ‌បាទសាឡូម៉ូន

ស្ដេចពាក់មកុដដែលមាតាបានបំពាក់ថ្វាយ

នៅថ្ងៃស្ដេចរៀបអភិសេក

ជាថ្ងៃដែលស្ដេចមានព្រះ‌ហឫទ័យរីក‌រាយ។