៣ យ៉ូហាន 1

សេចក្ដីផ្ដើម

1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយុសជាទីស្រឡាញ់ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។

2 ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខគ្រប់ចំពូកទាំងអស់ គឺឲ្យប្អូនមានសុខ‌ភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។

3 នៅពេលបង‌ប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្តិតាមសេចក្ដីពិតជា‌និច្ចនោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។

4 គ្មានអ្វីអាចធ្វើឲ្យខ្ញុំមានអំណរខ្លាំងជាងបានឮថា កូនចៅរបស់ខ្ញុំប្រតិបត្តិតាមសេចក្ដីពិតនោះឡើយ។

ភក្ដី‌ភាពរបស់លោកកៃយុស

5 ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្តស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបម្រុងបង‌ប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។

6 បង‌ប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខក្រុម‌ជំនុំ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់‌ផ្គង់គេតាមរបៀប ដែលគួរឲ្យគាប់ព្រះ‌ហឫទ័យព្រះ‌ជា‌ម្ចាស់ផង

7 ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះ‌នាមរបស់ព្រះ‌អម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។

8 ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។

ឌីអូ‌ត្រែប និងដេមេ‌ទ្រាស

9 ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លីមកជូនក្រុម‌ជំនុំ* តែឌីអូ‌ត្រែបដែលចូលចិត្តធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។

10 ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំឭកពីអំពើដែលគាត់បានប្រព្រឹត្ត គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបង‌ប្អូនយើងទេ ព្រមទាំងឃាត់ឃាំងអស់អ្នកដែលចង់ទទួល មិនឲ្យទទួល និងដេញគេចេញពីក្រុម‌ជំនុំថែមទៀតផង។

11 ប្អូនជាទីស្រឡាញ់ កុំយកតម្រាប់តាមអំពើអាក្រក់ឡើយ សូមយកតម្រាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្តអំពើល្អ អ្នកនោះកើតមកពីព្រះ‌ជា‌ម្ចាស់ រីឯអ្នកប្រព្រឹត្តអំពើអាក្រក់ ពុំដែលបានឃើញព្រះ‌ជា‌ម្ចាស់ឡើយ។

12 ចំណែកឯដេមេ‌ទ្រាសវិញ ពួកបង‌ប្អូនបាននិយាយល្អពីគាត់គ្រប់ៗគ្នា ហើយសូម្បីតែសេចក្ដីពិតផ្ទាល់ ក៏បានផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ។ រីឯយើងវិញ យើងសុំផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ ប្អូនដឹងស្រាប់ហើយថា សក្ខីភាពរបស់យើងជាសេចក្ដីពិត។

13 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយទឹកខ្មៅ និងស្លាបប៉ាកកាទេ។

14 ខ្ញុំសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗខាងមុខ ហើយយើងនឹងនិយាយជាមួយគ្នាផ្ទាល់មាត់តែម្ដង។

15 សូមឲ្យប្អូនបានប្រកបដោយសេចក្ដីសុខ‌សាន្ត!

មិត្ត‌ភក្ដិទាំងអស់ក៏សូមជម្រាបសួរមកប្អូនដែរ។ សូមជម្រាបសួរមកមិត្ត‌ភក្ដិគ្រប់ៗរូប ដែលនៅទីនេះផង។

—https://d1b84921e69nmq.cloudfront.net/364/32k/3JN/1-72f8ff0bfb1d359c7b92a72707849334.mp3?version_id=85—