២ សាំយូ‌អែល 7

ព្រះ‌បាទដាវីឌមានបំណងសង់ព្រះ‌វិហារ

1 ពេលព្រះ‌បាទដាវីឌមានវាំងគង់នៅស្រួល‌បួល ហើយបន្ទាប់ពីព្រះ‌អម្ចាស់ប្រោសប្រទានឲ្យស្ដេចបានសុខក្សេម‌ក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិស‌ទី

2 ស្ដេចក៏មានរាជ‌ឱង្ការទៅកាន់ព្យាការីណាថានថា៖ «សូមលោកគិតមើល ខ្ញុំរស់នៅក្នុងដំណាក់ធ្វើអំពីឈើដ៏មានតម្លៃ រីឯហិបនៃព្រះ‌ជាម្ចាស់ស្ថិតនៅក្នុងព្រះ‌ពន្លាធ្វើអំពីក្រណាត់សំពត់!»។

3 ព្យាការីណាថានទូលស្ដេចវិញថា៖ «ការអ្វីដែលព្រះ‌ករុណាសព្វព្រះ‌ហឫទ័យធ្វើ សូមធ្វើចុះ ដ្បិតព្រះ‌អម្ចាស់គង់នៅជាមួយព្រះ‌ករុណាហើយ»។

4 ប៉ុន្តែ នៅយប់នោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកណាថានថា៖

5 «ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើរបស់យើងថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “មិនមែនអ្នកទេដែលត្រូវសង់ដំណាក់ឲ្យយើងនៅ”។

6 តាំងពីថ្ងៃដែលយើងបាននាំជន‌ជាតិអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប រហូតមកដល់ថ្ងៃនេះ យើងមិនដែលនៅក្នុងដំណាក់ទេ។ ផ្ទុយទៅវិញ យើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដោយស្នាក់នៅតែក្នុងជំរំ និងព្រះ‌ពន្លា។

7 គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជន‌ជាតិអ៊ីស្រា‌អែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុល‌សម្ព័ន្ធអ៊ីស្រា‌អែលណាម្នាក់ ឲ្យសង់ដំណាក់ពីឈើដ៏មានតម្លៃ សម្រាប់យើងទេ។

8 ហេតុនេះ ត្រូវប្រាប់ដាវីឌ ជាអ្នកបម្រើរបស់យើងថាព្រះ‌អម្ចាស់នៃពិភពទាំងមូល ទ្រង់មានព្រះ‌បន្ទូលដូចតទៅ: “កាលអ្នកនៅជាគង្វាលចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង។

9 យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកំចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បី‌ល្បាញ ដូចអ្នកធំទាំង‌ឡាយនៅលើផែនដី។

10 យើងប្រគល់ស្រុកមួយឲ្យអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង យើងបានឲ្យគេតាំងទីលំ‌នៅជាប់‌លាប់រហូត ឥតមាននរណាមករំខានសោះឡើយ។ គ្មានជាតិសាសន៍ដ៏ទុច្ចរិតណាជិះ‌ជាន់ពួកគេ ដូចកាលពីមុន

11 ឬដូចនៅគ្រាដែលយើងបានតែង‌តាំងពួកចៅហ្វាយ ឲ្យគ្រប់‌គ្រងលើអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើងឡើយ។ យើងឲ្យអ្នកបានសុខក្សេម‌ក្សាន្ត រួចផុតពីខ្មាំងសត្រូវទាំងអស់ ព្រមទាំងឲ្យអ្នកមានសន្តតិ‌វង្សមួយផង។

12 ពេលណាអ្នកលាចាកលោកនេះទៅជួប‌ជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជ‌ពង្សរបស់អ្នកផ្ទាល់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង ។

13 គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិត‌ស្ថេររហូតតទៅ។

14 យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។

15 ប៉ុន្តែ យើងនឹងមិនដកសេចក្ដីសប្បុរសចេញពីគេ ដូចយើងបានដកពីសូលដែលយើងបោះបង់ចោល ហើយតែង‌តាំងអ្នកជំនួសនោះទេ។

16 ពូជ‌ពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិត‌ស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹង‌មាំរហូតតទៅដែរ”»។

17 លោកណាថានទូលថ្វាយព្រះ‌បាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។

ការអធិ‌ស្ឋានរបស់ព្រះ‌បាទដាវីឌ

18 ព្រះ‌បាទដាវីឌក៏យាងទៅគាល់ព្រះ‌អម្ចាស់ហើយទូលថា៖ «បពិត្រព្រះ‌ជា‌អម្ចាស់តើទូលបង្គំ និងអំបូររបស់ទូលបង្គំជាអ្វី បានជាព្រះ‌អង្គប្រោសប្រទានឲ្យទូលបង្គំទទួលឋានៈខ្ពង់‌ខ្ពស់បែបនេះ?

19 ប៉ុន្តែព្រះ‌ជា‌អម្ចាស់អើយ ព្រះ‌អង្គយល់ឃើញថា នេះគឺជាការតិច‌តួចទេ បានជាព្រះ‌អង្គសន្យាដល់កូនចៅទូលបង្គំ ដែលនៅជំនាន់ក្រោយៗទៀតដែរ។ របៀបដែលព្រះ‌អង្គប្រព្រឹត្ត មនុស្សលោកគិតពុំដល់ទេ!

20 ឱព្រះ‌ជា‌អម្ចាស់អើយ តើទូលបង្គំមានអ្វីទូលថ្វាយព្រះ‌អង្គទៀត បើទ្រង់ជ្រាបអំពីទូលបង្គំ ជាអ្នកបម្រើរបស់ព្រះ‌អង្គ យ៉ាងច្បាស់ហើយនោះ?

21 ព្រះ‌អង្គបានសម្តែងស្នាព្រះ‌ហស្ដដ៏ឧត្តុង្គ‌ឧត្ដមទាំងនេះឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះ‌អង្គឃើញ ស្របតាមព្រះ‌បន្ទូលសន្យា និងព្រះ‌ហឫទ័យសប្បុរសរបស់ព្រះ‌អង្គ។

22 ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះ‌អង្គពិតជាព្រះដ៏ឧត្ដមបំផុត! គ្មានព្រះណាប្រៀបផ្ទឹមស្មើនឹងព្រះ‌អង្គទេ។ តាមយើងខ្ញុំធ្លាប់បានឮគេតំណាលប្រាប់ ក្រៅពីព្រះ‌អង្គ ក៏គ្មានព្រះឯណាទៀតដែរ។

23 នៅលើផែនដីនេះ គ្មានប្រជា‌ជាតិណាមួយដូចប្រជា‌ជាតិអ៊ីស្រា‌អែលទេ គឺព្រះ‌អង្គបានទៅរំដោះពួកគេមកធ្វើជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គផ្ទាល់ ព្រមទាំងប្រទានឲ្យពួកគេមានកេរ្តិ៍ឈ្មោះ ទៀតផង។ ព្រះ‌អង្គបានសម្តែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ព្រះ‌អង្គ ឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គឃើញ គឺប្រជា‌រាស្ត្រដែលព្រះ‌អង្គបានលោះពីកណ្ដាប់ដៃរបស់ប្រជា‌ជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីឲ្យគេធ្វើជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ។

24 ព្រះ‌អម្ចាស់អើយ! ព្រះ‌អង្គបានពង្រឹងជន‌ជាតិអ៊ីស្រា‌អែល ដើម្បីឲ្យពួកគេធ្វើជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គរហូតតទៅ ហើយព្រះ‌អង្គក៏បានទៅជាព្រះរបស់ពួកគេដែរ។

25 បពិត្រព្រះ‌ជា‌អម្ចាស់ឥឡូវនេះ សូមឲ្យព្រះ‌បន្ទូលដែលព្រះ‌អង្គសន្យាចំពោះទូលបង្គំ និងកូនចៅរបស់ទូលបង្គំ នៅស្ថិត‌ស្ថេររហូតតទៅ ហើយសូមទ្រង់សម្រេចតាមព្រះ‌បន្ទូលនេះផង។

26 សូមឲ្យព្រះ‌នាមរបស់ព្រះ‌អង្គបានឧត្តុង្គ‌ឧត្ដមជា‌និច្ច ហើយសូមឲ្យគេនៅតែពោលថា “ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល”។ សូមប្រោសប្រទានឲ្យពូជ‌ពង្សរបស់ដាវីឌ ជាអ្នកបម្រើរបស់ព្រះ‌អង្គ បានស្ថិត‌ស្ថេរនៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ រហូតតទៅផង។

27 បពិត្រព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល! ព្រះ‌អង្គបានប្រោសឲ្យទូលបង្គំដឹងអំពីគម្រោង‌ការ ដែលព្រះ‌អង្គសព្វព្រះ‌ហឫទ័យនឹងតែង‌តាំងពូជ‌ពង្សរបស់ទូលបង្គំ ឲ្យឡើងស្នងរាជ្យបន្តពីទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំមានចិត្តក្លា‌ហាន ទូលពាក្យអធិ‌ស្ឋាននេះថ្វាយព្រះ‌អង្គ។

28 បពិត្រព្រះ‌ជា‌អម្ចាស់! មានតែព្រះ‌អង្គទេជាព្រះ‌ជាម្ចាស់ សេចក្ដីទាំងប៉ុន្មានដែលព្រះ‌អង្គមានព្រះ‌បន្ទូលសុទ្ធតែពិត ឥឡូវនេះ ព្រះ‌អង្គមានព្រះ‌បន្ទូលសន្យាប្រទានសុភមង្គលមកទូលបង្គំ។

29 ឥឡូវនេះ សូមព្រះ‌អង្គប្រទានពរដល់ពូជ‌ពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិត‌ស្ថេរនៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គតរៀងទៅ។ព្រះ‌ជា‌អម្ចាស់អើយ! សូមប្រទានពរដល់ពូជ‌ពង្សរបស់ទូលបង្គំ ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គផង នោះពួកគេនឹងទទួលព្រះ‌ពរអស់‌កល្បជា‌និច្ច»។