២ របាក្សត្រ 8

ស្នាដៃផ្សេងៗទៀតរបស់ព្រះ‌បាទសាឡូម៉ូន

1 ព្រះ‌បាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងវាំងរបស់ស្ដេច។

2 ព្រះ‌រាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះ‌បាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចឲ្យប្រជា‌ជនអ៊ីស្រា‌អែលទៅរស់នៅ។

3 ព្រះ‌បាទសាឡូម៉ូនលើកទ័ពទៅវាយយកក្រុងហា‌ម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។

4 ស្ដេចក៏បានសង់ក្រុងថាត់‌ម៉ោរ នៅតំបន់វាលរហោ‌ស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហា‌ម៉ាត់។

5 ស្ដេចបានសង់ក្រុងបេត‌ហូរ៉ូនខាងលើ និងបេត‌ហូរ៉ូនខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំ‌វិញ ហើយមានទ្វារ និងរនុកផង។

6 ស្ដេចក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មាន ដែលស្ដេចទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ព្រះ‌បាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ ដែលស្ដេចសព្វព្រះ‌ហឫទ័យ នៅក្រុងយេរូ‌សាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលស្ដេចគ្រប់‌គ្រង។

7 ជាតិសាសន៍ទាំងអស់ដែលនៅសេស‌សល់ពីជន‌ជាតិហេត ជន‌ជាតិអាម៉ូរី ជន‌ជាតិពេរិ‌ស៊ីត ជន‌ជាតិហេវី និងជន‌ជាតិយេប៊ូស មិនបានរាប់បញ្ចូលក្នុងចំណោមកូនចៅអ៊ីស្រា‌អែលទេ។

8 កូនចៅរបស់ជាតិសាសន៍ទាំងនោះនៅសេស‌សល់ក្នុងស្រុក ព្រោះជន‌ជាតិអ៊ីស្រា‌អែលពុំបានបំផ្លាញពួកគេឲ្យផុតពូជឡើយ។ ព្រះ‌បាទសាឡូម៉ូនបានកេណ្ឌពួកនោះឲ្យធ្វើជាកំណែន រហូតដល់សព្វថ្ងៃ។

9 ព្រះ‌បាទសាឡូម៉ូនពុំបានបង្ខំឲ្យនរណាម្នាក់ ក្នុងចំណោមកូនចៅអ៊ីស្រា‌អែល ធ្វើការដូចទាសករទេ ដ្បិតពួកគេជាទាហាន មេបញ្ជាការ មេកង‌ពលរទេះចំបាំង និងកង‌ពលសេះ។

10 ព្រះ‌បាទសាឡូម៉ូនបានតែង‌តាំងមេដឹកនាំចំនួន ២៥០នាក់ ឲ្យត្រួត‌ត្រាលើពួកកំណែន។

11 ព្រះ‌បាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះ‌ចៅផារ៉ោន ចាកចេញពីបុរីព្រះ‌បាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះ‌នាង ដ្បិតស្ដេចមានព្រះ‌តម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះ‌បាទដាវីឌ ជាស្ដេចនៃជន‌ជាតិអ៊ីស្រា‌អែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះ‌អម្ចាស់ជាកន្លែងដ៏‌វិសុទ្ធ»។

12 គ្រានោះ ព្រះ‌បាទសាឡូម៉ូនបានថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះ‌អម្ចាស់នៅលើអាសនៈដែលស្ដេចសង់នៅមុខទី‌សក្ការៈ

13 គឺតង្វាយប្រចាំថ្ងៃ តង្វាយសម្រាប់ថ្ងៃសប្ប័ទ តង្វាយសម្រាប់ថ្ងៃចូលខែថ្មី ព្រមទាំងតង្វាយសម្រាប់បុណ្យសំខាន់ៗបីដង ក្នុងមួយឆ្នាំ គឺថ្ងៃបុណ្យនំបុ័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ស្របតាមបទ‌បញ្ជាដែលលោកម៉ូសេបានចែងទុក។

14 ព្រះ‌បាទសាឡូម៉ូនបានតែង‌តាំងបូជា‌ចារ្យជាក្រុមៗ តាមមុខ‌ងាររបស់ពួកគេ ដូចព្រះ‌បាទដាវីឌ ជាបិតា បានចាត់ចែងទុកមក។ ស្ដេចតែង‌តាំងក្រុមលេវីឲ្យបំពេញមុខ‌ងាររបស់ខ្លួនដែរ គឺច្រៀងសរសើរព្រះ‌អម្ចាស់និងជួយក្រុមបូជា‌ចារ្យក្នុងការ‌ងារប្រចាំថ្ងៃ ដូចមានចែងទុក។ ស្ដេចក៏បានចាត់ឲ្យអ្នកយាមទ្វារ ប្រចាំការនៅមាត់ទ្វារនីមួយៗ តាមក្រុមរបស់ខ្លួនដែរ។ នេះជាវិន័យដែលព្រះ‌បាទដាវីឌ ជាជំនិតរបស់ព្រះ‌ជាម្ចាស់ បានបង្គាប់ទុក។

15 គេពុំបានប្រព្រឹត្តខុសនឹងបញ្ជាដែលស្ដេចបានចែងទុក ស្ដីពីក្រុមបូជា‌ចារ្យ និងក្រុមលេវី ឬបញ្ជាផ្សេងទៀត ស្ដីអំពីទ្រព្យសម្បត្តិរបស់ព្រះ‌ដំណាក់ឡើយ។

16 ព្រះ‌បាទសាឡូម៉ូនបានសម្រេចគម្រោង‌ការទាំងអស់ជាស្ថាពរ គឺចាប់ពីថ្ងៃចាក់គ្រឹះព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់រហូតដល់ថ្ងៃបង្ហើយ គឺការសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់បានចប់សព្វគ្រប់។

17 គ្រានោះ ព្រះ‌បាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ាន-‌គេប៊ើរ និងក្រុងអេឡុត ដែលនៅមាត់សមុទ្រ ក្នុងស្រុកអេដុម។

18 ព្រះ‌បាទហ៊ីរ៉ាមបានបញ្ជូនសំពៅ ដឹកនាំដោយទាហានជើងទឹកស្ទាត់ជំនាញខាងសមុទ្រ មកថ្វាយព្រះ‌បាទសាឡូម៉ូន។ ពួកគេធ្វើដំណើរជាមួយទាហានរបស់ព្រះ‌បាទសាឡូម៉ូន ទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់ប្រាំមួយតោន មកថ្វាយព្រះ‌បាទសាឡូម៉ូន។