២ របាក្សត្រ 4

1 ស្ដេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្ដោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។

អាងធំពីលង្ហិន

2 ស្ដេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំ‌វិញសាម‌សិបហត្ថ។

3 នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំ‌វិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។

4 អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់‌ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។

5 អាងនេះមានកំរាស់មួយទះ មាត់របស់វារីក ដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណ ៣ ០០០ អំរែក។

6 ស្ដេចឲ្យគេធ្វើអាងពីលង្ហិនចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជា‌ចារ្យត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។

បញ្ជីរបស់របរដែលលោកហ៊ីរ៉ាមបានធ្វើ

7 ស្ដេចឲ្យគេធ្វើជើងចង្កៀងអំពីមាសចំនួនដប់ តាមក្បួនតម្រាស្ដីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះ‌វិហារ ជើងចង្កៀងប្រាំនៅខាងស្ដាំ និងប្រាំទៀតនៅខាងឆ្វេង។

8 ស្ដេចឲ្យគេធ្វើតុចំនួនដប់សម្រាប់ដាក់ក្នុងព្រះ‌វិហារ គឺតុប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេង។ ស្ដេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាសចំនួនមួយរយដែរ។

9 ស្ដេចឲ្យគេធ្វើទី‌លានមួយ សម្រាប់ពួកបូជា‌ចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។

10 រីឯអាងធំ ស្ដេចបានឲ្យគេតម្កល់នៅខាងស្ដាំព្រះ‌ដំណាក់ ត្រង់ទិសអាគ្នេយ៍។

11 កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើថ្វាយព្រះ‌បាទសាឡូម៉ូន នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ក៏បានចប់សព្វគ្រប់

12 គឺមានសសរពីរ ក្បាលសសររាងមូលទាំងពីរ ដែលស្ថិតនៅខាងចុងសសរ ព្រមទាំងក្បាច់ក្រឡាសំណាញ់ពីរ សម្រាប់គ្របពីលើក្បាលសសរនៅខាងលើសសរ

13 ក្បាច់ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាសំណាញ់ទាំងពីរ គឺផ្លែទទឹមពីរជួរ សម្រាប់ភ្ជាប់នឹងក្រឡាសំណាញ់នីមួយៗ ដែលគ្របពីលើក្បាលសសរនៅខាងលើសសរ។

14 លោកហ៊ីរ៉ាមក៏បានធ្វើរទេះ និងអាងដាក់លើរទេះទាំងនោះ

15 អាងធំ និងរូបគោចំនួនដប់‌ពីរសម្រាប់ទ្រអាង

16 ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើថ្វាយព្រះ‌បាទសាឡូម៉ូន សម្រាប់ដាក់ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។

17 ស្ដេចឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារ‌ថាន។

18 ព្រះ‌បាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។

19 ព្រះ‌បាទសាឡូម៉ូនបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀត អំពីមាសសម្រាប់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺមាន អាសនៈមាស តុសម្រាប់តម្កល់នំបុ័ងថ្វាយព្រះ‌អម្ចាស់

20 ជើងចង្កៀង និងចង្កៀងធ្វើអំពីមាសសុទ្ធ ដែលត្រូវដុតតាមក្បួនតម្រានៅមុខទី‌សក្ការៈ។

21 ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដ៏សុទ្ធបំផុតដែរ។

22 កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ព្រះ‌ដំណាក់ សម្រាប់ចូលទៅក្នុងទី‌សក្ការៈបំផុត និងសន្លឹកទ្វារចូលព្រះ‌ដំណាក់សុទ្ធតែធ្វើពីមាស។