២ របាក្សត្រ 34

ព្រះ‌បាទយ៉ូ‌សៀសសោយរាជ្យលើស្រុកយូដា

1 កាលព្រះ‌បាទយ៉ូ‌សៀសឡើងសោយរាជ្យ ស្ដេចមានជន្មាយុប្រាំបីព្រះ‌វស្សា ហើយសោយរាជ្យបានសាម‌សិបឆ្នាំនៅក្រុងយេរូ‌សាឡឹម។

2 ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ហើយដើរតាមមាគ៌ារបស់ព្រះ‌បាទដាវីឌ ជាអយ្យ‌កោ ឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។

3 នៅឆ្នាំទីប្រាំបីនៃរជ្ជ‌កាលរបស់ស្ដេច ក្នុងគ្រាដែលស្ដេចនៅក្មេងនៅឡើយ ព្រះ‌បាទយ៉ូ‌សៀសចាប់ផ្ដើមស្វែងរកព្រះរបស់ព្រះ‌បាទដាវីឌ ជាអយ្យ‌កោ។ នៅឆ្នាំទីដប់‌ពីរ ស្ដេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះ‌អា‌សេ‌រ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូ‌សាឡឹម។

4 គេបានរំលំអាសនៈរបស់ព្រះបាលនៅចំពោះព្រះ‌ភ័ក្ត្រស្ដេច ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប ដែលស្ថិតនៅលើនោះផង។ ស្ដេចបានបំបាក់បង្គោលរបស់ព្រះ‌អា‌សេ‌រ៉ា ព្រមទាំងកម្ទេចរូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យក្លាយទៅជាធូលី រួចយកទៅចាក់លើផ្នូររបស់អស់អ្នកដែលបានធ្វើយញ្ញ‌បូជានៅមុខរូបទាំងនោះ។

5 ស្ដេចដុតធាតុរបស់ពួកបូជា‌ចារ្យនៃព្រះដទៃ នៅលើអាសនៈរបស់គេ។ ស្ដេចធ្វើដូច្នេះ ដើម្បីជម្រះស្រុកយូដា និងក្រុងយេរូ‌សាឡឹមឲ្យបានបរិសុទ្ធ*។

6 ស្ដេចក៏បានរំលំអាសនៈ នៅតាមក្រុងនានានៃទឹកដីម៉ាណា‌សេ អេប្រាអ៊ីម និងស៊ីម្មាន រហូតដល់ទឹកដីណែប‌ថាលី ព្រមទាំងកន្លែងបាក់បែកនៅតំបន់ជុំ‌វិញនោះផង។

7 ស្ដេចកម្ទេចបង្គោលរបស់ព្រះ‌អា‌សេ‌រ៉ា និងរូបបដិមា ឲ្យទៅជាធូលីដី ហើយកម្ទេចស្កាកសម្រាប់ដុតគ្រឿងក្រអូប នៅក្នុងស្រុកអ៊ីស្រា‌អែលទាំងមូល រួចស្ដេចយាងទៅក្រុងយេរូ‌សាឡឹមវិញ។

លោកមហាបូជា‌ចារ្យរកឃើញគម្ពីរ‌វិន័យ

8 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជ‌កាលរបស់ស្ដេច គឺនៅគ្រាដែលស្ដេចកំពុងតែជម្រះស្រុក និងព្រះ‌វិហារ ឲ្យបានបរិសុទ្ធ ព្រះ‌បាទយ៉ូ‌សៀសចាត់លោកសាផាន ជាកូនរបស់លោកអសា‌លា លោកម៉ាសេ‌យ៉ា ជាអភិ‌បាលក្រុង ព្រមទាំងលោកយ៉ូ‌អា ជាកូនរបស់លោកយ៉ូអា‌ហាស និងជាស្មៀនហ្លួង ឲ្យទៅជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច។

9 លោកទាំងនោះក៏ទៅជួបលោកមហាបូជា‌ចារ្យ*ហ៊ីល‌គីយ៉ា។ គេយកប្រាក់ដែលប្រជា‌ជនថ្វាយសម្រាប់ព្រះ‌ដំណាក់មក គឺប្រាក់ដែលក្រុមលេវី ជាឆ្មាំទ្វារ បានទទួលពីប្រជា‌ជននៃកុល‌សម្ព័ន្ធម៉ាណា‌សេ អេប្រាអ៊ីម និងកុល‌សម្ព័ន្ធឯទៀតៗនៃជន‌ជាតិអ៊ីស្រា‌អែល ព្រមទាំងប្រជា‌ជនពីកុល‌សម្ព័ន្ធយូដា បេន‌យ៉ាមីន និងអ្នកក្រុងយេរូ‌សាឡឹម។

10 គេប្រគល់ប្រាក់នោះទៅពួកមេជាង ដែលទទួលខុសត្រូវជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដើម្បីបង់ថ្លៃឈ្នួលពួកកម្មករដែលជួស‌ជុលព្រះ‌ដំណាក់ឲ្យបានរឹង‌មាំឡើងវិញ

11 គឺមានពួកជាងឈើ ជាងសំណង់ និងសម្រាប់ទិញថ្ម‌ដាប់ និងឈើ សម្រាប់ប្រើជាធ្នឹម ផ្លាន ហើយសម្រាប់ជួស‌ជុលអាគារផ្សេងៗ ដែលស្ដេចស្រុកយូដាជំនាន់មុនៗបានបំផ្លាញ។

12 មេជាងទាំងនោះធ្វើការដោយចិត្តស្មោះបំផុត។ ពួកគេធ្វើការក្រោមបញ្ជារបស់លោកយ៉ាហាត់ និងលោកអូបា‌ឌា ជាក្រុមលេវី មកពីអំបូរម៉្រារី។ លោកសាកា‌រី និងលោកមស៊ូ‌ឡាម ជាក្រុមលេវីមកពីអំបូរកេហាត់ ជាអ្នកត្រួតពិនិត្យលើការសាងសង់។ ពួកលេវីទាំងនេះសុទ្ធតែជាតន្ត្រី‌ករយ៉ាងជំនាញ។

13 ពួកគេក៏មានភារ‌កិច្ចមើលខុសត្រូវអ្នកលីសែង ព្រមទាំងកម្មករដែលធ្វើការ‌ងារឯទៀតៗដែរ។ ពួកលេវីមួយចំនួនទៀតបំពេញមុខ‌ងារជាស្មៀន រាជការ និងជាឆ្មាំព្រះ‌ដំណាក់។

14 ពេលគេយកប្រាក់ ដែលប្រជា‌ជនថ្វាយជាតង្វាយសម្រាប់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ចេញមក នោះលោកមហា‌បូជា‌ចារ្យហ៊ីល‌គីយ៉ារកឃើញគម្ពីរ‌វិន័យ ដែលព្រះ‌អម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ។

15 លោកហ៊ីល‌គីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរ‌វិន័យនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់!»។ លោកហ៊ីល‌គីយ៉ាជូនគម្ពីរនោះទៅលោកសាផាន។

16 លោកសាផានក៏យកគម្ពីរទៅថ្វាយស្ដេច ហើយទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំធ្វើតាមរាជបញ្ជាទាំងប៉ុន្មានរបស់ព្រះ‌ករុណា។

17 គេបានប្រគល់ប្រាក់តង្វាយនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ទៅឲ្យពួកមេជាង ព្រមទាំងពួកកម្មកររួចស្រេចហើយ»។

18 លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជា‌ចារ្យហ៊ីល‌គីយ៉ាបានប្រគល់គម្ពីរមួយច្បាប់ឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះ‌រាជាស្ដាប់។

ព្រះ‌បាទយ៉ូ‌សៀសសុំឲ្យព្យាកា‌រិនីហ៊ូល‌ដាទូលសួរព្រះ‌អម្ចាស់

19 កាលព្រះ‌រាជាឮសេចក្ដីទាំងប៉ុន្មានដែលមានចែងក្នុងក្រឹត្យ‌វិន័យ ស្ដេចក៏ហែកព្រះ‌ភូសា។

20 បន្ទាប់មក ស្ដេចបញ្ជាទៅលោកហ៊ីល‌គី‌យ៉ា លោកអហ៊ី‌កាមជាកូនរបស់លោកសា‌ផាន លោកអាប់‌ដូនជាកូនរបស់លោកមីកា‌យ៉ា លោកសា‌ផានជាស្មៀនហ្លួង និងលោកអសា‌យ៉ាជារាជបម្រើថា៖

21 «សូមអស់លោកអញ្ជើញទៅទូលសួរព្រះ‌អម្ចាស់ឲ្យយើង និងប្រជា‌ជនដែលនៅសេស‌សល់ ក្នុងស្រុកអ៊ីស្រា‌អែល និងយូដា ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ព្រះ‌អម្ចាស់មុខជាព្រះ‌ពិរោធនឹងយើងខ្លាំងណាស់ ដ្បិតពួកដូនតារបស់យើងមិនបានកាន់តាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ដើម្បីប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ»។

22 លោកបូជា‌ចារ្យហ៊ីល‌គីយ៉ា និងអស់លោកដែលព្រះ‌រាជាចាត់ឲ្យទៅ បាននាំគ្នាទៅជួបព្យាកា‌រិនីហ៊ូល‌ដាជាភរិយារបស់លោកសា‌លូម ជាកូនរបស់លោកកូនធីក‌វ៉ា ជាចៅរបស់លោកហារ‌ហាស និងជាអ្នកថែ‌រក្សាសម្លៀក‌បំពាក់បូជា‌ចារ្យ។ នាងរស់នៅក្នុងសង្កាត់ថ្មីនៃក្នុងក្រុងយេរូ‌សាឡឹម។ លោកទាំងនោះជម្រាបព្យាកា‌រិនីតាមដំណើររឿង។

23 ព្យាកា‌រិនីមានប្រសាសន៍ថា៖ «ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ: ចូរប្រាប់មនុស្សដែលគេចាត់ឲ្យមករកយើងថា

24 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងនេះ ព្រមទាំងប្រជា‌ជន ស្របតាមបណ្ដាសាទាំងប៉ុន្មាន ដូចមានចែងទុកក្នុងគម្ពីរ ដែលគេបានអាននៅចំពោះមុខស្ដេចស្រុកយូដា។

25 ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបថ្វាយព្រះ‌ដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់‌អោនបានឡើយ!

26 ប៉ុន្តែ ចូរទៅប្រាប់ស្ដេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូលសួរព្រះ‌អម្ចាស់ថាព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែលមានព្រះ‌បន្ទូលដូចតទៅ: អ្នកបានស្ដាប់ឮសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះហើយ។

27 ពេលអ្នកឮសេចក្ដីដែលយើងថ្លែងទាស់នឹងក្រុងយេរូ‌សាឡឹម ព្រមទាំងទាស់នឹងប្រជា‌ជននៅក្រុងនេះ អ្នកក៏បានបើកចិត្តទទួល ហើយដាក់ខ្លួននៅចំពោះមុខយើង ទាំងហែកសម្លៀក‌បំពាក់យំសោក ដូច្នេះ យើងក៏ស្ដាប់អ្នកដែរ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។

28 យើងនឹងឲ្យអ្នកទៅជួប‌ជុំដូនតារបស់អ្នក អ្នកនឹងចែកស្ថានទៅដោយសុខ‌សាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជា‌ជននេះឡើយ»។ ពួករាជបម្រើក៏នាំយកចម្លើយនេះទៅទូលស្ដេចវិញ។

ព្រះ‌បាទយ៉ូ‌សៀសចងសម្ពន្ធ‌មេត្រីជាមួយព្រះ‌ជាម្ចាស់

29 ព្រះ‌រាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធា‌ចារ្យនៅស្រុកយូដា និងនៅក្រុងយេរូ‌សាឡឹមមកគាល់។

30 បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ជាមួយប្រជា‌ជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹមទាំងមូល គឺមានអស់លោកបូជា‌ចារ្យ ក្រុមលេវី និងប្រជា‌ជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះ‌រាជាអានព្រះ‌បន្ទូលទាំងប៉ុន្មាន ក្នុងគម្ពីរសម្ពន្ធ‌មេត្រី ដែលគេរកឃើញក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឲ្យប្រជា‌ជនស្ដាប់។

31 ព្រះ‌រាជាឈរនៅកន្លែងរបស់ស្ដេច នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ហើយចងសម្ពន្ធ‌មេត្រីជាមួយព្រះ‌អម្ចាស់ដោយសន្យាថា សុខចិត្តដើរតាមព្រះ‌អម្ចាស់ និងកាន់តាមបទ‌បញ្ជា ដំបូន្មាន និងក្រឹត្យ‌វិន័យរបស់ព្រះ‌អង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីប្រព្រឹត្តតាមសេចក្ដីក្នុងសម្ពន្ធ‌មេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។

32 ស្ដេចក៏បានសុំឲ្យអស់អ្នកដែលស្ថិតនៅក្រុងយេរូ‌សាឡឹម និងអ្នកស្រុកបេន‌យ៉ាមីន ចូលរួមក្នុងការចងសម្ពន្ធ‌មេត្រីនេះដែរ។ អ្នកក្រុងយេរូ‌សាឡឹមនាំគ្នាធ្វើតាមសម្ពន្ធ‌មេត្រីរបស់ព្រះ‌ជាម្ចាស់ ដែលជាព្រះនៃបុព្វបុរសរបស់ខ្លួន។

33 ព្រះ‌បាទយ៉ូ‌សៀសបានកំចាត់រូបព្រះគួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ចេញពីទឹកដីអ៊ីស្រា‌អែលទាំងមូល។ ស្ដេចបង្គាប់ប្រជា‌ជនទាំងអស់ ដែលរស់នៅស្រុកអ៊ីស្រា‌អែល ឲ្យគោរពបម្រើតែព្រះ‌អម្ចាស់ជាព្រះរបស់ខ្លួនប៉ុណ្ណោះ។ ក្នុងអំឡុងពេលដែលស្ដេចនៅគង់ព្រះ‌ជន្ម ពួកគេពុំបានបែកចិត្តចេញពីព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួនឡើយ។