២ របាក្សត្រ 25

ព្រះ‌បាទអម៉ា‌ស៊ីយ៉ាសោយរាជ្យលើស្រុកយូដា

1 ព្រះ‌បាទអម៉ា‌ស៊ីយ៉ាឡើងសោយរាជ្យ នៅពេលមានជន្មាយុម្ភៃប្រាំព្រះ‌វស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា យ៉ូអា‌ដាន ជាអ្នកក្រុងយេរូ‌សាឡឹម។

2 ស្ដេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់តែមិនមែនដោយស្មោះអស់ពីចិត្តទេ។

3 ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ ស្ដេចប្រហារជីវិតពួកមេ‌ទ័ពដែលបានធ្វើគុតបិតារបស់ស្ដេច។

4 ប៉ុន្តែ ស្ដេចពុំបានឲ្យគេប្រហារជីវិតកូនចៅរបស់ពួកឃាតកទេ ដ្បិតស្ដេចគោរពតាមសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យ‌វិន័យរបស់លោកម៉ូសេ គឺព្រះ‌អម្ចាស់បានបង្គាប់ថា៖ «ឪពុកមិនត្រូវស្លាប់ ព្រោះតែទោសរបស់កូន ហើយកូនក៏មិនត្រូវស្លាប់ ព្រោះតែទោសរបស់ឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនប្រព្រឹត្ត»។

5 ព្រះ‌បាទអម៉ា‌ស៊ីយ៉ាប្រមូលទាហាននៅស្រុកយូដា គឺប្រជា‌ជនក្នុងកុល‌សម្ព័ន្ធយូដា និងកុល‌សម្ព័ន្ធបេន‌យ៉ាមីន ហើយចែកពួកគេជាកង តាមអំបូររបស់ខ្លួន ក្រោមការដឹកនាំរបស់មេបញ្ជា‌ការកង‌ពលធំ និងមេបញ្ជា‌ការកង‌ពលតូច។ បន្ទាប់មក ស្ដេចជំរឿនប្រុសៗដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ឃើញមានទាំងអស់ ៣០០ ០០០នាក់ ជាទាហានដ៏ចំណាន ដែលប្រើលំពែង ប្រើខែលចេញទៅធ្វើសឹកបាន។

6 ស្ដេចក៏បានយកប្រាក់សុទ្ធមួយរយណែនទៅជួលទាហានដ៏ពូកែអង់‌អាចចំនួន ១០០ ០០០ នាក់ ពីស្រុកអ៊ីស្រា‌អែល។

7 មានអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់មួយរូប មកទូលស្ដេចថា៖ «បពិត្រព្រះ‌រាជា សូមកុំឲ្យទាហានអ៊ីស្រា‌អែលចេញទៅជាមួយព្រះ‌ករុណាឡើយ ដ្បិតព្រះ‌អម្ចាស់មិនគង់ជាមួយអ៊ីស្រា‌អែល គឺព្រះ‌អង្គមិនគង់ជាមួយកូនចៅអេប្រាអ៊ីមទាំងនេះទេ។

8 ប្រសិនបើព្រះ‌ករុណាឲ្យពួកគេទៅជាមួយ ទោះបីព្រះ‌ករុណាខំប្រឹងប្រយុទ្ធយ៉ាងណាក្ដី ក៏ព្រះ‌ជាម្ចាស់ធ្វើឲ្យព្រះ‌ករុណាបរា‌ជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែព្រះ‌ជាម្ចាស់ប៉ុណ្ណោះ ដែលប្រទានជ័យ‌ជំនះ ឬធ្វើឲ្យបរា‌ជ័យ»។

9 ព្រះ‌បាទអម៉ា‌ស៊ីយ៉ាមានរាជ‌ឱង្ការទៅកាន់អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ថា៖ «តើត្រូវធ្វើដូចម្ដេច ចំពោះប្រាក់ដែលយើងបានឲ្យទៅទាហានអ៊ីស្រា‌អែលទាំងនោះ!»។ អ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ទូលស្ដេចថា៖ «ព្រះ‌អម្ចាស់អាចប្រទានប្រាក់មកព្រះ‌ករុណាវិញច្រើនជាងនេះទៅទៀត»។

10 ពេលនោះ ព្រះ‌បាទអម៉ា‌ស៊ីយ៉ាបំបែកទាហានអេប្រាអ៊ីមចេញពីជួរទ័ព ឲ្យគេវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ទាហានទាំងនោះខឹងជន‌ជាតិយូដាយ៉ាងខ្លាំង គេវិលត្រឡប់ទៅផ្ទះវិញ ទាំងក្ដៅក្រហាយ។

11 ព្រះ‌បាទអម៉ា‌ស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកង‌ទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។

12 ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្ម មួយ រួចច្រានទម្លាក់ចុះមក ធ្វើឲ្យពួកគេស្លាប់ទាំងអស់គ្នា។

13 រីឯទាហានអ៊ីស្រា‌អែលដែលព្រះ‌បាទអម៉ា‌ស៊ីយ៉ាបណ្ដេញឲ្យវិលទៅផ្ទះវិញ ដើម្បីកុំឲ្យទៅច្បាំងជាមួយនោះ បាននាំគ្នារាតត្បាតក្រុងនានាក្នុងស្រុកយូដា ដែលនៅចន្លោះក្រុងសាម៉ារី និងក្រុងបេត‌ហូរ៉ូន ហើយសម្លាប់ប្រជា‌ជនអស់បីពាន់នាក់ ព្រមទាំងរឹបអូសយកជយ‌ភ័ណ្ឌជាច្រើនទៀតផង។

ព្រះ‌បាទអម៉ា‌ស៊ីយ៉ាច្បាំងចាញ់ស្ដេចស្រុកអ៊ីស្រា‌អែល

14 ក្រោយពេលវាយឈ្នះជន‌ជាតិអេដុមហើយ ព្រះ‌បាទអម៉ា‌ស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជន‌ជាតិអេដុមមកជាមួយ។ ស្ដេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួន ដោយក្រាបថ្វាយ‌បង្គំ និងដុតគ្រឿងក្រអូបថ្វាយព្រះទាំងនោះទៀតផង។

15 ពេលនោះព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងព្រះ‌បាទអម៉ា‌ស៊ីយ៉ាយ៉ាងខ្លាំង ព្រះ‌អង្គចាត់ព្យាការីឲ្យទៅគាល់ស្ដេច ទូលថា៖ «ព្រះទាំងនេះមិនបានរំដោះប្រជា‌ជនរបស់ខ្លួនឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះ‌ករុណាទេ ចុះហេតុដូចម្ដេចបានជាព្រះ‌ករុណាបែរទៅគោរពព្រះរបស់សាសន៍នោះដូច្នេះ!»។

16 លោកមានប្រសាសន៍មិនទាន់ផុតផង ព្រះ‌បាទអម៉ា‌ស៊ីយ៉ាមានរាជ‌ឱង្ការទៅលោកថា៖ «តើយើងបានតែង‌តាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្ដេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ព្យាការីថ្លែងថា៖ «ទូលបង្គំដឹងហើយថា ព្រះ‌ជាម្ចាស់បានសម្រេចនឹងបំផ្លាញព្រះ‌ករុណា ដ្បិតព្រះ‌ករុណាប្រព្រឹត្តបែបនេះ ហើយព្រះ‌ករុណាក៏បដិសេធមិនព្រមស្ដាប់យោបល់របស់ទូលបង្គំដែរ»។

17 ក្រោយពីបានសួរយោបល់ទីប្រឹក្សាឯទៀតៗរួចហើយ ព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាស្ដេចស្រុកយូដា ចាត់គេឲ្យទៅទូលព្រះ‌បាទយ៉ូអាស ជាបុត្ររបស់ព្រះ‌បាទយ៉ូអា‌ហាស និងជាចៅរបស់ព្រះ‌បាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា!»។

18 ព្រះ‌បាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រា‌អែល ចាត់មនុស្សឲ្យមកទូលព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាស្ដេចស្រុកយូដាវិញថា៖ «គ្រាមួយនោះគុម្ពបន្លាដែលដុះនៅភ្នំលីបង់ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នកឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង”។ ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លាខ្ទេច‌ខ្ទីអស់។

19 ព្រះ‌ករុណាអួតខ្លួនថាវាយឈ្នះជន‌ជាតិអេដុម ដូច្នេះ ព្រះ‌រាជាកំពុងតែមានមោទន‌ភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះ សូមគង់ក្នុងព្រះ‌ដំណាក់ទៅ! ហេតុអ្វីបានជាព្រះ‌ករុណាចង់ធ្វើសង្គ្រាម ដែលបង្កឲ្យវេទនាដូច្នេះ? ព្រះ‌ករុណា និងប្រជា‌ជនយូដា មុខជាបរា‌ជ័យមិនខាន!»។

20 ប៉ុន្តែ ព្រះ‌បាទអម៉ា‌ស៊ីយ៉ាពុំព្រមស្ដាប់ តាមសេចក្ដីព្រមាននេះទេ ដ្បិតព្រះ‌ជាម្ចាស់បណ្ដាលឲ្យកើតមានដូច្នេះ ដើម្បីឲ្យស្ដេច និងកង‌ទ័ព ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បច្ចា‌មិត្ត ព្រោះស្ដេចបានបែកចិត្តទៅរកព្រះនានារបស់ជន‌ជាតិអេដុម។

21 ពេលនោះ ព្រះ‌បាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រា‌អែល ឡើងមកប្រយុទ្ធតទល់នឹងព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាស្ដេចស្រុកយូដា នៅក្រុងបេត‌សេមែស ក្នុងស្រុកយូដា។

22 កង‌ទ័ពយូដាវាយចាញ់កង‌ទ័ពអ៊ីស្រា‌អែល ហើយពលទាហានយូដាបាក់ទ័ពរត់មកកាន់ទីលំ‌នៅរៀងៗខ្លួនវិញ។

23 ព្រះ‌បាទយ៉ូអាសជាស្ដេចស្រុកអ៊ីស្រា‌អែល ចាប់បានព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស និងជាចៅរបស់ព្រះ‌បាទយ៉ូ‌អាហាស នៅបេត‌សេមែស ធ្វើជាឈ្លើយ។ បន្ទាប់មក ព្រះ‌បាទយ៉ូអាសនាំព្រះ‌បាទអម៉ា‌ស៊ីយ៉ាទៅក្រុងយេរូ‌សាឡឹម ហើយវាយបំបែកកំពែងក្រុង ចាប់តាំងពីទ្វារអេប្រាអ៊ីមរហូតដល់ទ្វារនៅជ្រុងកំពែង ដែលមានប្រវែងបួនរយហត្ថ។

24 ស្ដេចប្រមូលយកមាសប្រាក់ និងវត្ថុមានតម្លៃទាំងប៉ុន្មាននៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ដែលមានលោកអូបេដ‌អេដុម ជាអ្នកមើលខុសត្រូវ ព្រមទាំងវត្ថុនៅក្នុងឃ្លាំងរាជ្យទ្រព្យ ហើយនាំចំណាប់ខ្មាំងវិលត្រឡប់ទៅក្រុងសាម៉ារីវិញ។

ចុងបញ្ចប់នៃរជ្ជ‌កាលព្រះ‌បាទអម៉ា‌ស៊ីយ៉ា

25 ក្រោយពីព្រះ‌បាទយ៉ូអាស ជាបុត្ររបស់ព្រះ‌បាទយ៉ូអា‌ហាស ស្ដេចអ៊ីស្រា‌អែល សោយទិវង្គត ព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស ស្ដេចស្រុកយូដា មានព្រះ‌ជន្មគង់នៅបានដប់ប្រាំវស្សាទៀត។

26 រាជ‌កិច្ចផ្សេងៗរបស់ព្រះ‌បាទអម៉ា‌ស៊ីយ៉ា សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកយូដា និងស្ដេចស្រុកអ៊ីស្រា‌អែល។

27 ក្រោយពេលដែលព្រះ‌បាទអម៉ា‌ស៊ីយ៉ាបែកចិត្តចេញពីព្រះ‌អម្ចាស់នៅក្រុងយេរូ‌សាឡឹម មានមនុស្សឃុប‌ឃិតគ្នាក្បត់នឹងស្ដេច ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅក្រុងឡាគីស តែគេបានដេញតាមព្រះ‌រាជារហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។

28 គេដឹកសពរបស់ព្រះ‌បាទអម៉ា‌ស៊ីយ៉ាដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជ‌វង្ស នៅបុរីស្រុកយូដា ។