២ របាក្សត្រ 14

1 កាលព្រះ‌បាទអប៊ី‌យ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះ‌បាទដាវីឌ ហើយព្រះ‌បាទអេ‌សា ជាបុត្របានឡើងស្នងរាជ្យ។ ក្នុងរជ្ជ‌កាលព្រះ‌បាទអេ‌សា ស្រុកទេសបានសុខ‌សាន្ត‌ត្រាណ អស់រយៈពេលដប់ឆ្នាំ។

ព្រះ‌បាទអេ‌សាគ្រងរាជ្យលើស្រុកយូដា

2 ព្រះ‌បាទអេ‌សាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច។

3 ស្ដេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្ដេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះ‌អាសេ‌រ៉ា។

4 ស្ដេចបានប្រាប់ជន‌ជាតិយូដាឲ្យស្វែងរកព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន ព្រមទាំងប្រតិបត្តិតាមក្រឹត្យ‌វិន័យ និងបទ‌បញ្ជារបស់ព្រះ‌អង្គផង។

5 ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំង‌ឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជ‌កាលរបស់ព្រះ‌បាទអេ‌សា ស្រុកទេសបានសុខ‌សាន្ត‌ត្រាណ។

6 ស្ដេចបានសង់ក្រុងដ៏មានកំពែងរឹង‌មាំក្នុងស្រុកយូដា ព្រោះស្រុកបានសាន្តត្រាណ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ស្រុកគ្មានសង្គ្រាមទេ ដ្បិតព្រះ‌អម្ចាស់ប្រោសប្រទានឲ្យស្ដេចមានសុខសន្តិ‌ភាព។

7 ស្ដេចមានរាជ‌ឱង្ការទៅកាន់ប្រជា‌ជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំ‌វិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខ‌សាន្ត‌ត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះ‌អម្ចាស់ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះ‌អម្ចាស់ប្រោសប្រទានឲ្យយើងបានសុខ‌សាន្ត គ្រប់ទិស‌ទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។

8 ព្រះ‌បាទអេ‌សាមានទ័ពចំនួន ៣០០ ០០០នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ២៨០ ០០០នាក់ទៀត ជាអ្នកស្រុកបេន‌យ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់‌អាច។

9 នៅគ្រានោះ ព្រះ‌បាទសេ‌រ៉ាស ជាស្ដេចស្រុកអេត្យូ‌ពី បានលើកទ័ពចំនួនមួយលាននាក់ ព្រមទាំងរទេះចំបាំងបីរយគ្រឿង មកច្បាំងនឹងកង‌ទ័ពយូដា ហើយមកដល់ក្រុងម៉ារី‌សា។

10 ព្រះ‌បាទអេ‌សាលើកទ័ពចេញមកតទល់នឹងពួកគេ ហើយកង‌ទ័ពទាំងពីររៀបក្បួនទ័ពប្រយុទ្ធគ្នា នៅជ្រលងភ្នំសេផា‌ថា ជិតក្រុងម៉ារី‌សា។

11 ព្រះ‌បាទអេ‌សាស្រែកអង្វរព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច ដោយទូលថា៖ «បពិត្រព្រះ‌អម្ចាស់ព្រះ‌អង្គអាចជួយអ្នកទន់ខ្សោយ ឲ្យត‌តាំងនឹងអ្នកខ្លាំងពូកែ។ ឱព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមយាងមកជួយយើងខ្ញុំផង! ដ្បិតមានតែព្រះ‌អង្គទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកង‌ទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងព្រះ‌នាមរបស់ព្រះ‌អង្គ។ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះព្រះ‌អង្គបានឡើយ!»។

12 ព្រះ‌អម្ចាស់បានវាយជន‌ជាតិអេត្យូ‌ពីឲ្យបាក់ទ័ព រត់នៅចំពោះមុខព្រះ‌បាទអេ‌សា និងកង‌ទ័ពយូដា។

13 ព្រះ‌បាទអេ‌សា និងពលទាហានដែលនៅជាមួយ បានដេញតាមពួកគេរហូតដល់កេរ៉ា។ ទាហានអេត្យូ‌ពីដួលស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ គ្មាននរណាម្នាក់បានរួចជីវិតឡើយ ដ្បិតកង‌ទ័ពនេះត្រូវអន្តរាយ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់និងនៅមុខប្រជា‌ជនរបស់ព្រះ‌អង្គ។ កង‌ទ័ពរបស់ព្រះ‌បាទអេ‌សារឹបអូសយកបានជយ‌ភ័ណ្ឌយ៉ាងច្រើន។

14 កង‌ទ័ពយូដាក៏បានវាយយកក្រុងទាំងប៉ុន្មាន ដែលនៅជុំ‌វិញក្រុងកេរ៉ាដែរ ដ្បិតព្រះ‌អម្ចាស់ធ្វើឲ្យអ្នកក្រុងទាំងនោះភ័យខ្លាចជាខ្លាំង។ កង‌ទ័ពយូដារឹបអូសយកទ្រព្យសម្បត្តិក្រុងទាំងនោះ ព្រោះមានជយ‌ភ័ណ្ឌយ៉ាងច្រើន។

15 ពួកគេបានវាយលុកជំរំរបស់គង្វាលហ្វូងសត្វ ហើយរឹបអូសយកចៀម និងអូដ្ឋយ៉ាងច្រើន។ បន្ទាប់មក ពួកគេនាំគ្នាវិលមកក្រុងយេរូ‌សាឡឹមវិញ។