២ របាក្សត្រ 12

ព្រះ‌ចៅស៊ីសាក់ ស្ដេចស្រុកអេស៊ីបវាយលុកស្រុកយូដា

1 កាលព្រះ‌បាទរេហូ‌បោមពង្រឹងរាជសម្បត្តិ និងអំណាចរឹង‌មាំហើយ ស្ដេចបោះបង់ចោលក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់រីឯប្រជា‌ជនក៏ប្រព្រឹត្តដូចស្ដេចដែរ។

2 នៅឆ្នាំទីប្រាំនៃរជ្ជ‌កាលព្រះ‌បាទរេហូ‌បោម ព្រះ‌ចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូ‌សាឡឹម។ ព្រឹត្តិ‌ការណ៍នេះកើតមាន ព្រោះប្រជា‌ជនយូដាមិនស្មោះត្រង់នឹងព្រះ‌អម្ចាស់។

3 ព្រះចៅស៊ីសាក់ដឹកនាំកង‌ទ័ពដែលមានរទេះចំបាំង ១ ២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូ‌ពីយ៉ាងច្រើន មកជាមួយផង។

4 ស្ដេចវាយយកបានក្រុងនានាដែលមានកំពែងរឹង‌មាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូ‌សាឡឹម។

5 ពេលនោះ ព្យាការីសេម៉ាយ៉ាចូលទៅគាល់ព្រះ‌បាទរេហូ‌បោម និងជួបមេដឹកនាំរបស់ជន‌ជាតិយូដា ដែលជួប‌ជុំគ្នានៅក្រុងយេរូ‌សាឡឹម នៅពេលព្រះ‌ចៅស៊ីសាក់ចូលមកជិតដល់ទីក្រុង។ ព្យាការីសេម៉ាយ៉ាមានប្រសាសន៍ថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “អ្នករាល់គ្នាបានបោះបង់ចោលយើង! ដូច្នេះ យើងក៏បោះបង់ចោលអ្នករាល់គ្នា ឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្ដេចស៊ីសាក់ដែរ”»។

6 ព្រះ‌រាជា និងពួកមេដឹកនាំនៃជន‌ជាតិអ៊ីស្រា‌អែល ដាក់ខ្លួន ហើយពោលថា៖ «ព្រះ‌អម្ចាស់ពិតជាសុចរិតមែន!»។

7 កាលព្រះ‌អម្ចាស់ទតឃើញពួកគេដាក់ខ្លួនដូច្នេះ ព្រះ‌អង្គមានព្រះ‌បន្ទូលមកកាន់លោកសេម៉ាយ៉ាថា៖ «ពួកគេដាក់ខ្លួនហើយ យើងមិនបំផ្លាញពួកគេទេ។ យើងនឹងជួយរំដោះពួកគេជាបន្ទាន់ ដ្បិតយើងមិនជះកំហឹងរបស់យើងទៅលើក្រុងយេរូ‌សាឡឹម ដោយទុកឲ្យស្ដេចស៊ីសាក់បំផ្លាញក្រុងនេះឡើយ។

8 ប៉ុន្តែ ពួកគេត្រូវធ្លាក់ខ្លួនចំណុះស្ដេចស៊ីសាក់។ ពេលនោះ ពួកគេនឹងដឹងខ្លួនថា បម្រើយើង និងបម្រើស្ដេចស្រុកផ្សេងៗខុសគ្នាត្រង់ណា»។

9 ព្រះ‌ចៅស៊ី‌សាក់ ជាស្ដេចស្រុកអេស៊ីប វាយលុកក្រុងយេរូ‌សាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្ដេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលព្រះ‌បាទសាឡូម៉ូនបានធ្វើដែរ។

10 ព្រះ‌បាទរេហូ‌បោមបានឲ្យគេធ្វើខែលពីលង្ហិនជំនួសវិញ ហើយប្រគល់ឲ្យមេក្រុមរបស់កងទាហាន ដែលយាមខ្លោងទ្វារវាំងមើលថែ‌រក្សា។

11 គ្រប់ពេលដែលស្ដេចយាងចូលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ពួកទាហាននាំគ្នាកាន់ខែលទាំងនោះ។ បន្ទាប់មក ពួកគេប្រមូលយកទៅទុកនៅក្នុងបន្ទប់របស់មេក្រុមវិញ។

12 ដោយព្រះ‌បាទរ៉ូបោមដាក់ខ្លួនព្រះ‌អម្ចាស់លែងព្រះ‌ពិរោធនឹងស្ដេច ហើយក៏មិនបំផ្លាញស្ដេចឲ្យវិនាសសូន្យដែរ។ ម្យ៉ាងទៀត ក្នុងស្រុកយូដាក៏នៅមានសេចក្ដីល្អខ្លះៗដែរ។

ចុងបញ្ចប់នៃរជ្ជ‌កាលព្រះ‌បាទរេហូ‌បោម

13 ព្រះ‌បាទរេហូ‌បោមបានពង្រឹងអំណាច ហើយសោយរាជ្យនៅក្រុងយេរូ‌សាឡឹម។ កាលស្ដេចឡើងសោយរាជ្យ ស្ដេចមានជន្មាយុសែ‌សិបមួយព្រះ‌វស្សា ហើយសោយរាជ្យបានដប់ប្រាំ‌ពីរឆ្នាំ នៅក្រុងយេរូ‌សាឡឹម ជាក្រុងដែលព្រះ‌អម្ចាស់បានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុល‌សម្ព័ន្ធអ៊ីស្រា‌អែលទាំងអស់ សម្រាប់ព្រះ‌នាមរបស់ព្រះ‌អង្គ។ មាតារបស់ស្ដេចមាននាមថាណា‌អាម៉ា ជាជន‌ជាតិអាំម៉ូន។

14 ព្រះ‌បាទរេហូ‌បោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្ដេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកព្រះ‌អម្ចាស់ឡើយ។

15 រាជ‌កិច្ចរបស់ព្រះ‌បាទរេហូ‌បោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់‌ត្រាទុកក្នុងសៀវភៅប្រវត្តិ‌សាស្ត្ររបស់ព្យាការីសេម៉ាយ៉ា និងលោកអ៊ីដោ ជាគ្រូទាយ។ ព្រះ‌បាទរេហូ‌បោម និងព្រះ‌បាទយេរ៉ូ‌បោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជា‌និច្ច។

16 កាលព្រះ‌បាទរេហូ‌បោមសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅបុរីព្រះ‌បាទដាវីឌ។ ព្រះ‌បាទអប៊ី‌យ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។