២ យ៉ូហាន 1

បុរេ‌កថា

1 ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រី ដែលព្រះ‌ជា‌ម្ចាស់បានជ្រើសរើស និងជម្រាបមកកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ តាមសេចក្ដីពិត មិនមែនតែខ្ញុំប៉ុណ្ណោះទេដែលស្រឡាញ់ គឺអស់អ្នកដែលបានស្គាល់សេចក្ដីពិតក៏ស្រឡាញ់ដែរ

2 ព្រោះតែសេចក្ដីពិតនៅជាប់នឹងយើងឥឡូវនេះ ហើយក៏នឹងនៅជាមួយយើង រៀងរហូតអស់‌កល្បជា‌និច្ច។

3 សូមព្រះ‌ជា‌ម្ចាស់ ជាព្រះ‌បិតា និងព្រះ‌យេស៊ូ‌គ្រិស្ដ* ជាព្រះ‌បុត្រារបស់ព្រះ‌អង្គ ប្រទានព្រះ‌គុណ ព្រះ‌ហឫទ័យមេត្តា‌ករុណា និងសេចក្ដីសុខ‌សាន្តមកយើង ក្នុងសេចក្ដីពិត និងក្នុងសេចក្ដីស្រឡាញ់។

សេចក្ដីស្រឡាញ់រវាងបង‌ប្អូន

4 ខ្ញុំសប្បាយចិត្តណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួនប្រតិបត្តិតាមសេចក្ដីពិត ស្របតាមបទ‌បញ្ជាដែលយើងបានទទួលពីព្រះ‌បិតាមក។

5 ឥឡូវនេះ ខ្ញុំសូមអង្វរលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនសរសេរបទ‌បញ្ជាថ្មីផ្ញើមកជូនទេ នេះគឺជាបទ‌បញ្ជាដែលយើងបានទទួល តាំងពីដើមដំបូងមកម៉្លេះ។

6 សេចក្ដីស្រឡាញ់មានដូចតទៅ: យើងត្រូវតែប្រតិបត្តិតាមបទ‌បញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទ‌បញ្ជាដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។

គ្រូក្លែង‌ក្លាយ

7 មានអ្នកបោកបញ្ឆោតជាច្រើននាក់បានចូលមកក្នុងលោកនេះ ពួកគេពុំទទួលស្គាល់ថា ព្រះ‌យេស៊ូគ្រិស្ដ*បានយាងមកជាមនុស្សទេ។ ជនប្រភេទនេះហើយដែលជាអ្នកបោកបញ្ឆោត និងជាមេប្រឆាំង*ព្រះ‌គ្រិស្ដ។

8 ចូរមើលគ្នាឯងឲ្យមែនទែន ក្រែងខូចផលប្រយោជន៍នៃកិច្ចការដែលអ្នករាល់គ្នា បានធ្វើ។ ផ្ទុយទៅវិញ ចូរខំឲ្យបានទទួលរង្វាន់ដ៏បរិបូណ៌។

9 អ្នកណាមិនស្ថិតនៅជាប់នឹងព្រះ‌ឱវាទរបស់ព្រះ‌គ្រិស្ដ* គឺទៅហួស អ្នកនោះគ្មានព្រះ‌ជា‌ម្ចាស់គង់ជាមួយទេ។ អ្នកណាស្ថិតនៅជាប់នឹងព្រះ‌ឱវាទរបស់ព្រះ‌គ្រិស្ដ ទើបមានព្រះ‌បិតា និងព្រះ‌បុត្រាគង់ជាមួយ។

10 ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំព្រះ‌ឱវាទនេះមកទេ កុំទទួលគេនៅក្នុងផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវជម្រាបសួរគេផង

11 ដ្បិតអ្នកណាជម្រាបសួរមនុស្សបែបនេះក៏ដូចជាសមគំនិតនឹងអំពើអាក្រក់របស់គេដែរ។

12 ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវជម្រាបអ្នករាល់គ្នា តែខ្ញុំមិនចង់សរសេរផ្ញើមក តាមរយៈក្រដាស និងទឹកខ្មៅនេះទេ គឺខ្ញុំសង្ឃឹមថានឹងមកជួបអ្នករាល់គ្នា និយាយផ្ទាល់មាត់តែម្ដង ដើម្បីឲ្យយើងមានអំណរពេញលក្ខណៈ។

13 កូនចៅបងស្រីរបស់លោកស្រី គឺបងស្រីដែលព្រះ‌អង្គបានជ្រើសរើសនោះ ក៏សូមជម្រាបសួរមកលោកស្រីដែរ។

—https://d1b84921e69nmq.cloudfront.net/364/32k/2JN/1-1ca82cf9abe3ea7bbccd2f0b8ff6e196.mp3?version_id=85—